ត្បូងឃ្មុំ៖ កាលពីពេលកន្លងទៅ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់ចេញបទបញ្ជាយ៉ាងមុឺងម៉ាត់ដល់កងកម្លាំងសមត្ថកិច្ច ត្រូវបង្ក្រាបក្មេងទំនើង ដែលបង្កភាពអសន្តិសុខក្នុងសង្គម ក្រោយឃាត់ខ្លួនបានត្រូវនាំទៅពន្ធនាគារខេត្ត ដើម្បីឲ្យពួកគេមើលពីការរស់នៅ របស់ជនសង្ស័យឬទណ្ឌិត ដែលជាប់ឃុំឃាំង ដើម្បីបង្ហាញពីការលំបាកក្នុងការការរស់នៅដោយគ្មានសេរីភាព របស់ពួកគេ។

ជាក់ស្ដែងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង បានធ្វើការស្ទាក់ឃាត់ខ្លួន ក្មេងទំនើងចំនួន០២នាក់ កំពុងបង្ហោះម៉ូតូ នៅចំណុចផ្លូវបេតុង សង្កាត់វិហារលួង ក្នុងក្រុងសួង។
បើតាមលោក ចក់ សុខកៅ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា ក្មេងទំនើងទាំង២នាក់នេះ ទី០១. ឈ្មោះ ម៉ម ស៊ីន អាយុ២១ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ ពោធិ៍កិល សង្កាត់សួង ក្រុងសួង, ២. ឈ្មោះ ឌឿន ផានុត អាយុ១៦ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ សួងកើត សង្កាត់សួង ក្រុងសួង ឪបានធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចផ្លូវបេតុងភូមិ ជើងវត្ត សង្កាត់វិហារលួង ក្រុងសួង ភ្លាមនោះសមត្ថកិច្ចបានធ្វើការឃាត់ និងនាំក្មេងទំនើងទាំង០២នាក់ យកទៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីធ្វើការសាកសួរ។

ក្រោយសាកសួរ សមត្ថកិច្ចបានអនុវត្ត វិធានការ ទៅលើពួកគេដោយកោរសក់ និងនាំក្មេងទំនើងទាំង០២នាក់ ទៅពន្ធនាគារខេត្តត្បូងឃ្មុំ ដើម្បីឲ្យពួកគេមើលពីការរស់នៅរបស់ជនសង្ស័យ រឺ ទណ្ឌិត ដែលជាប់ឃុំឃាំង ។ ហើយធ្វើការអប់រំកែប្រែ នៅចំពោះមុខឪពុកម្ដាយ រឺ អាណាព្យាបាល ព្រមទាំងធ្វើកិច្ចសន្យាមិនឱ្យប្រព្រឹត្តទង្វើបែបនេះ ទៅថ្ងៃក្រោយទៀត ខិតខំកែប្រែកសាងខ្លួន ឱ្យសាកសមជាធនធានដ៏មានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ ។ ក្រោយពីបានធ្វើកិច្ចសន្យាអប់រំកែប្រែរួច សមត្ថកិច្ចបានប្រគល់ក្មេងទំនើងទាំង០២នាក់ ទៅឲ្យក្រុមគ្រួសារវិញផងដែរ ៕
អត្ថបទ៖ អាចារ្យលាក់

