បង់ក្លាដែស៖ ខ្យល់ព្យុះ និងភ្លៀងធ្លាក់ដ៏ខ្លាំងដែលបង្កឡើងដោយព្យុះស៊ីក្លូន ដ៏ធំបំផុតដំបូងគេប្រចាំឆ្នាំនេះ បានបោកបក់មកដល់ឆ្នេរសមុទ្រនៃប្រទេសឥណ្ឌា និងបង់ក្លាដែសកាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់ រួមទាំងធ្វើឱ្យមនុស្សរាប់លាននាក់គ្មានចរន្ដអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤។

អ្នកជំនាញអាកាសធាតុរបស់ប្រទេសបង់ក្លាដែស លោក Liakath Ali បាននិយាយថា ខ្យល់បក់មិនឈប់ទេ នៅពេលយប់កម្ពស់ទឹកបានហក់ឡើងនៅតំបន់ជាច្រើន រួមទាំងប្រព័ន្ធលូបង្ហូរទឹកផងដែរ​​​។

លោក Ali បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មនុស្សជាច្រើនត្រូវបានជាប់គាំង – វានឹងក្លាយជាយប់ដែលមនុស្សរាប់លាននាក់ដែលមិនមានអគ្គីសនី ឬកន្លែងស្នាក់នៅ»។

ព្យុះស៊ីក្លូន Remal គឺជាព្យុះទីមួយក្នុងចំណោមព្យុះនានា ដែលគេរំពឹងថា នឹងវាយលុកឆ្នេរសមុទ្រទាបនៃប្រទេសជិតខាងអាស៊ីខាងត្បូងនៅឆ្នាំនេះ ដោយសារការប្រែប្រួលអាកាសធាតុជំរុញឱ្យសីតុណ្ហភាពផ្ទៃសមុទ្រកើនឡើង។

មន្ត្រីឧតុនិយមបាននិយាយថា ព្យុះស៊ីក្លូន Remal កាលពីថ្ងៃចន្ទម្សិលមិញ បានបក់បោកកាត់តំបន់ឆ្នេរនៃកំពង់ផែ Mongla ប្រទេសបង់ក្លាដែស និងកោះ Sagar ដែលនៅជាប់គ្នាក្នុងរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា ជាមួយនិងល្បឿនខ្យល់រហូតដល់ ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។

លោក Sheldon Yett តំណាងអង្គការ UNICEF ប្រចាំប្រទេសបង់ក្លាដែស បាននិយាយថា មនុស្សជាង ៨.៤លាននាក់ រួមទាំងកុមារ ៣.២លាននាក់ ស្ថិតក្នុងហានិភ័យសុខភាពខ្ពស់ ដូចជា កង្វះអាហារូបត្ថម្ភ អនាម័យ និងសុវត្ថិភាព។

ប្រធានគ្រប់គ្រងគ្រោះមហន្តរាយលោក Mijanur Rahman បានប្រាប់រ៉យទ័រដោយបន្ថែមថា យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ដោយសារព្យុះនេះ នៅក្នុងប្រទេសបង់ក្លាដែស ជនរងគ្រោះមួយចំនួនបានស្លាប់នៅតាមផ្លូវទៅកាន់ទីជម្រក ឬនៅផ្ទះ ព្រោះតែជញ្ជាំងរបស់ពួកគេដួលរលំ ឬលង់ទឹកក្នុងកំឡុងព្យុះ។

ទាក់ទិននឹងបញ្ហានេះ មន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយរដ្ឋ លោក Mohibbur Rahman បាននិយាយថា ព្យុះស៊ីក្លូនបានបំផ្លាញផ្ទះជិត ៣៥,០០០ខ្នង នៅទូទាំង ១៩ស្រុក ខណៈផ្ទះចំនួន ​១១៥,០០០​ខ្នង​ទៀត​ បាន​រង​ការ​ខូច​ខាត​បន្ដិចបន្ទួច។

ដោយឡែក មន្ត្រីក្រសួងអគ្គិសនី បាននិយាយថា ប្រទេសបង់ក្លាដែសបានបិទការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់មួយចំនួនជាមុន ដើម្បីបញ្ចៀសគ្រោះថ្នាក់ ខណៈដើមឈើ និងខ្សែបណ្ដាញអគ្គិសនីជាច្រើន នៅតាមតំបន់ឆ្នេរសមុទ្រ បានដួលរលំ និងបានរំខានការផ្គត់ផ្គង់ថាមពលបន្ថែមទៀត។ ក្រុមមន្ត្រីបានបន្ថែមថា ប្រជាជនជិត ៣លាននាក់នៅក្នុងប្រទេសបង់ក្លាដែសគ្មានអគ្គិសនីប្រើប្រាស់។

ជាមួយគ្នា អាជ្ញាធររដ្ឋ West Bengal របស់ប្រទេសឥណ្ឌា បាននិយាយថា មនុស្សចំនួន ៤នាក់បានស្លាប់ដោយឆក់ចរន្ដអគ្គិសនី ដោយចំនួនអ្នកស្លាប់នៅទីនេះ កើនដល់ ៦នាក់ និងយ៉ាងហោចណាស់បង្គោលភ្លើងចំនួន ១,២០០ដើម ត្រូវបានរុះរើ ដូច្នេះមន្រ្តីនៃក្រសួងអគ្គិសនី បានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ដោយស្នើសុំឱ្យប្រជាជនមានការអត់ធ្មត់ ខណៈដែលការជួសជុលកំពុងដំណើរការ។

សូមជម្រាបថា បច្ចុប្បន្ននេះ ប្រទេសបង់ក្លាដេស កំពុងគ្មានអគ្គិសនីប្រើប្រាស់ ខណៈមនុស្សជាង ៨០០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ចំណែកឯប្រទេសឥណ្ឌា កំពុងជម្លៀសមនុស្សជិត ១១០,០០០នាក់ ទៅកាន់កន្លែងសុវត្ថិភាពដូចគ្នា៕

ប្រភព៖ Reuters

Share.