ភ្នំពេញ៖ នៅក្នុងយុទ្ធនាការរឹតបន្ដឹងបង្ក្រាបក្មេងទំនើង ក្រសួងមហាផ្ទៃបង្ក្រាបបានចំនួន ៤៩ករណី និងឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន១៥៩នាក់ គិតពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
កាលពីសប្ដាហ៍មុន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឲ្យកម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច នៅទូទាំងប្រទេស ត្រូវធ្វើ ឱ្យបាន ម៉ឺងម៉ាត់ បំផុត ចំពោះ ក្រុម ក្មេង ទំនើង ដោយធ្វើទាំង វិធានការ រដ្ឋបាល និង វិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ ដោយ គ្មាន ការបន្ធូរបន្ថយ និង គ្មាន ការលើកលែង នោះឡើយ ដើម្បី ធ្វើយ៉ាងណា ការពារ សណ្តាប់ធ្នាប់ សាធារណៈ និង សន្តិសុខ សង្គម និង ត្រូវ អនុវត្តន៍ ឱ្យបាន ម៉ឺងម៉ាត់ បំផុត ទៅតាម ច្បាប់ ជា ធរមាន។


លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា «សកម្មភាពបង្ក្រាបក្រុមក្មេងទំនើងនេះ គឺយើងបានធ្វើតាំងពីដើមរហូតមកដល់បច្ចុប្បន្ននិងបន្តទៅមុខទៀតដោយផ្អែកទីមួយ គឺគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ទី២ យើងបានកសាងឯកសារដើម្បីកំណត់អត្តសញ្ញាណបណ្ណឬក៏ដែលជាការណែនាំអំពីការគ្រប់គ្រងសកម្មភាពវិជ្ជមានរបស់ក្រុមក្មេងទំនើង» ។


លោកបណ្ឌិត បានបន្ថែមថា សម្ដេចធិបតី សង្កត់ធ្ងន់ទៅលើសកម្មភាពខាងលើ ដើម្បីទប់ស្កាត់កុំឲ្យយុវជនអីទាំងអស់លង់ខ្លួនទៅក្នុងអន្លង់មួយដែលធ្វើឲ្យប៉ះពាល់ដល់ធនធានមនុស្ស ដែលជាធនធានសំខាន់សម្រាប់បន្តវេនទៅថ្ងៃខាងមុខ ហើយវិធាននេះដើម្បីគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សង្គមទូទៅទាំងមូលតែម្ដងបាន។
លោកបណ្ឌិតបានឲ្យដឹងទៀតថា សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានបង្ក្រាបទៅលើសកម្មភាពអវិជ្ជមានរបស់ក្រុមក្មេងទំនើងដោយអនុវត្តតាមវិធានការណ៍ទីមួយ គឺវិធានការរដ្ឋបាលបានន័យថាបើសិនជាសកម្មភាពរបស់ក្រុមក្មេងទំនើងហ្នឹងវាស្ថិតនៅក្នុងកម្រិតមួយដែលមិនសូវជាធ្ងន់ពេកទេនោះចគឺថាសមត្ថកិច្ចនិងប្រើវិធានការរដ្ឋបាលពោលគឺអប់រំណែនាំអប់រំ ឲ្យធ្វើកិច្ចសន្យាជាមួយនឹងអាណាព្យាបាលឲ្យវិលត្រឡប់ទៅផ្ទះវិញជាដើម។ មួយទៀតតវិធានការច្បាប់បានន័យថាបើសិនជាសកម្មភាពរបស់ក្រុមក្មេងទំនើងនោះវាចូលជាបទល្មើសព្រហ្មទណ្ឌមិនអាចអត់ឱនឲ្យបានទេ គឺកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីឱ្យតុលាការចោទប្រកាន់បទល្មើសមួយដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌជាដើម។


សូមបញ្ជាក់ថា ក្រុមក្មេងទំនើងកើតមាននៅរាជធានីច្រើនជាងគេ ដោយសារតែរាជធានី គឺជាបណ្ដុំនៃប្រជាពលរដ្ឋផងជាបណ្ដុំនៃទីឋានសប្បាយ ឬក៏ពាណិជ្ជកម្មវនិងការអភិវឌ្ឍ។ ដូច្នេះសកម្មភាពហ្នឹងមានក្រុមក្មេងទំនើងអាចឆ្លងពីបណ្ដាខេត្ត បានមកធ្វើសកម្មភាពនៅក្នុងរាជធានីភ្នំពេញក៏មានដែរ។ នេះជាការលើកឡើងបន្ថែមពីបណ្ឌិត ទូច សុឃៈ។
លោកបណ្ឌិតបន្ដទៀតថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គឺក្មេងទំនើងដែលបង្ក្រាបបាន ហើយបានធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមអ្នកដែលចាប់ខ្លួនទាំងអស់នោះ គឺមានជាង 50 ភាគរយដែលមានសារធាតុញៀននៅក្នុងខ្លួន។ កត្តានេះជាក្ដីបារម្ភមួយ ក្រៅតែពីសកម្មភាពវិជ្ជមានក្នុងសង្គមនាំឲ្យអសន្តិសុខ អសណ្ដាប់ធ្នាប់នេះ គឺពាក់ព័ន្ធបញ្ហាគ្រឿងញៀនដែលថ្នាក់ដឹកនាំព្រួយបារម្ភថាទៅថ្ងៃខាងមុខយើងនឹងបាត់បង់ធនធានមនុស្ស ដែលយើងត្រូវចាត់វិធានការជាបន្ទាន់។ ក្រៅពីនេះយើងក៏មានការព្រួយបារម្ភផងដែរអំពីក្រុមក្មេងទំនើង គឺភាគច្រើនគឺពាក់ព័ន្ធនឹងការជក់បារីអេឡិចត្រូនិក គឺជាអ្វីដែលថ្នាក់នាំមានការព្រួយបារម្ភ ហើយចាត់វិធានការ និងពិភាក្សាសិក្សាដើម្បីពិនិត្យមើលអំពីទិដ្ឋភាពច្បាប់គ្រប់គ្រងទៅលើឧបករណ៍បារីអេឡិចត្រូនិច៕
អត្ថបទ៖ សង្គម

