ត្បូងឃ្មុំ៖ បងប្អូនប្រជាកសិករសម្រុកបង្កបង្កើនដំណាំស្រូវរដូវវស្សាបន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំ ការបង្កបង្កើនផលដំណាំស្រូវរដូវវស្សាសម្រេចបាន ៣១ ៧២៥ហិកតា ស្មើនឹង ៤១,៣៧% នៃផែនការដដ ៧៦ ៦៩០ហិកតា បើធៀបនឹងឆ្នាំ២០២៣ យឺតជាង ១១ ២៣៥ហិកតា ទាំង៧ស្រុក/ក្រុងនៃខេត្តត្បូងឃ្មុំ ។

ការបង្កបង្កើនផលស្រូវឆ្នាំ២០២៤នេះ យឺតជាងឆ្នាំទៅដោយសារអាកាសធាតុមិនអំណោយផល ។   លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងថា បើគិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ការបង្កបង្កើនផលស្រូវរដូវវស្សា ប្រជាកសិករនៅក្នុងខេត្តត្បូងឃ្មុំរបស់យើង បានសម្រុកចុះភ្ជួររាស់ដីស្រែដើម្បីសាបព្រួសបង្កបង្កើនផលស្រូវរដូវវស្សា ក្នុងនោះសម្រេចបានលទ្ធផល ដូចខាងលើ ក្នុងនោះស្រុកដែលដាំដុះច្រើនជាងគេគឺស្រុកក្រូចឆ្មារ ដែលមានផ្ទៃដីដាំដុះស្រូវវស្សាប្រមាណ ៦ ២៣៥ហិកតា ។ 

លោកប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងទៀតថា  ឆ្នាំនេះបងប្អូនកសិករយើងផលិតការដាំដុះស្រូវស្រាល(ពូជស្រូវស្រាលរួមមាន ពូជស្រូវOM៥៤៥១ និងសែនពិដោរ) កណ្តាល(ពូជស្រូវកណ្តាលរួមមាន ពូជស្រូវផ្ការំដួល និងពូជស្រូវប្រពៃណី) និងស្រូវធ្ងន់(ពូជស្រូវធ្ងន់រួមមាន ពូជស្រូវរាំងជ័យ ពូជស្រូវខា៨ ខា៩ និងពូជស្រូវប្រពៃណី)។ ស្រូវធ្ងន់កសិករដាំដុះច្រើនជាងគេ ៕

អត្ថបទ៖ អាចារ្យលាក់

Share.