ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានចេញសេចក្ដីប្រកាសជាផ្លូវការនៅថ្ងៃនេះថា ក្លិបនឹងធ្វើការប្តូរនិមិត្ត សញ្ញា (Logo) របស់ក្លិបទៅនិមិត្តសញ្ញាចាស់ ដែលមានដាក់បញ្ចូលទង់ជាតិខ្មែរ ប្រាសាទអង្គរវត្ត និងរូបរាងខេត្តសៀមរាប និងរូបខ្លា អមជាមួយពាក្យ Angkor Tiger Football Club។

ចំពោះការប្ដូរ Logo ទៅនិមិត្តសញ្ញាចាស់នេះដែរ ក្លិបបានបញ្ជាក់ពីមូលហេតុគឺ ដោយសារនៅរដូវកាលក្រោយក្លិបនឹងមានកីឡដ្ឋានថ្មីផ្ទាល់ខ្លួន។ វាក៏នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយផងដែរ ព្រោះវានឹងឈានចូលគំរប់ខួប ១០ឆ្នាំ ដែលក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានបង្កើតឡើង។ ក្លិបនឹងរៀបចំនូវកម្មវិធី ហើយព្យាយាមទាក់ទាញមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន រួមទាំងជនបរទេសមកទស្សនានៅខេត្តសៀមរាប និងកីឡដ្ឋានថ្មី។

និមិត្តសញ្ញា (Logo) ចាស់ មានដាក់បញ្ចូលទង់ជាតិខ្មែរ ប្រាសាទអង្គរវត្ត និងរូបរាងខេត្តសៀមរាប ក្នុងគោលបំណងបញ្ជាក់ថា ក្លិបបាត់ទាត់ អង្គរថាយហ្គឺរ គឺជាក្លិបដែលមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា។ ក្នុងនោះក្លិប សង្ឃឹមថា នាពេលខាងមុន ឯកសណ្ឋាន និងវត្ថុអនុស្សាវរីយ៍របស់ក្លិបដែលមាននិមិត្តសញ្ញានេះនឹងមានដាក់លក់ ហើយទទួលបានការគាំទ្រពីសំណាក់បងប្អូន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ដែលមានមូលដ្ឋាននៅក្នុងទឹកអង្គរ ខេត្តសៀមរាបនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៥ គិតមកដល់ពេលនេះ មានអាយុកាល ៩ឆ្នាំហើយ៕


