ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់ បានរងរបួស ខណៈកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវមហាវិថីកម្ពុជាក្រោម ពេលមេឃកំពុងភ្លៀងលាយឡំខ្យល់កន្ត្រាក់ ហើយត្រូវបានមែកឈើបាក់សង្កត់ពីលើ កាលពីវេលាម៉ោង ១ និង ៤០នាទីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយ មហាវិថី កម្ពុជាក្រោម កែងផ្លូវលេខ២៥៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ មេឃកំពុងធ្លាក់ភ្លៀងលាយឡំខ្យល់កន្ត្រាក់ពេលនោះមានមនុស្សប្រុសស្រី២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក់ ហុងដា ឃ្លីក ពាក់ស្លាកលេខភ្នំពេញ 1CA-9175 បានធ្វើដំណើរតាមបណ្តោយមហាវិថី កម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ មែកដើមត្រសេកធំមួយបានបាក់សង្កាត់មកលើមនុស្សប្រុសស្រីកំពុងជិះម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ស្រាលត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ចំណែកម៉ូតូរងការខូចខាត។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានយកម៉ាសុីនអារឈើមកកាត់មែកឈឺនោះចេញពីផ្លូវដើម្បីសម្រួលចរាចរណ៍ចំណែកម៉ូតូជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តី៍នគរបាលរដ្ឋបាលទឹកល្អក់១ ជាបណ្តោះអាសន្ន៕

អត្ថបទ៖ សេង សាវី

Share.