បាត់ដំបង÷ ស្រ្តីម្នាក់បានបាត់បងជីវិត បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវមិនបានប្រយ័ត្ន ត្រូវរថយន្តបុកពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោងជាង ០៧:០០នាទីយប់ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ ក្នុងក្រុមទី ០១ ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ តាកែវ ១E-៧០៩៣ បើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីត្បូង ទៅជើង ( ភ្នំពេញ-បាត់ដំបង ) ដល់កន្លែងកើតហេតុបានបត់ឆ្វេងបំណងឆ្លងផ្លូវ ចៃដន្យស្រាប់តែរថយន្តម៉ាកលុចស៊ីស NX២០០T ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា ALIGO ០៥ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បើកបរក្នុងទិសដៅស្របគ្នាបានជ្រុលចង្កូតទៅបុកពីក្រោយយ៉ាងពេញទំហឹងតែម្តងបណ្តាលអោយប៉ើងស្ត្រីជនរងគ្រោះស្លាប់ភ្លាមៗ។

មកទល់ព្រឹកថ្ងៃទី ៣១ ខែឧសភានេះនៅមិនទាន់មានការបញ្ជាក់ពីប្រភពណាមួយ ឬពីសមត្ថកិច្ចរដ្ឋបាលព្រៃតូច ក៏ដូចជាលោកអធិការស្រុកមោងឬស្សីឡើយពីអត្តសញ្ញាណរបស់ជនរងគ្រោះ និងជនបង្កដោយគ្រាន់តែចូលពិនិត្យមើលប្រព័ន្ធតេឡេក្រាមហើយមិនឆ្លើយតប។
ករណីនេះសមត្ថកិច្ចនគរបាលបានចុះដល់កន្លែងកើតហេតុ រួចវាស់វែង ហើយបាននាំយកនូវវត្ថុតាងមធ្យោបាយទាំងអស់ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី រីឯសាកសពជនរងគ្រោះបានប្រគល់អោយសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

