ញូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះថា យ៉ាងហោចណាស់មនុស្ស ២១នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀតបានរងរបួស ដោយខ្លះរបួសធ្ងន់ បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរប្រហែល ៧០នាក់ បានរអិលចេញពីផ្លូវ ហើយក្រឡាប់ធ្លាក់ចូលទៅក្នុងជ្រលងជ្រោះមួយកន្លែងក្នុងតំបន់កាស្មៀរ កាលពីថ្ងៃព្រហស្បតិ៍។

ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ Chungi Morh ក្នុងទីក្រុង Akhnoor ស្រុក Jammu មានចម្ងាយប្រហែល ២៧២គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Srinagar ដែលជារដ្ឋធានីរដូវក្តៅ នៃតំបន់ kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។

បើតាមរបាយការណ៍បានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកធម្មយាត្រាហិណ្ឌូ ពីទីក្រុង Hathras ក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា កំពុងធ្វើដំណើរទៅកាន់តំបន់ Shiv Khori នៃស្រុក Reasi ក្នុងតំបន់ Kashmir។ ភ្លាមៗ​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ជួយ​សង្គ្រោះ​ជនរងគ្រោះ និង​ទាញ​សាកសព​ចេញពីកន្លែងកើតហេតុផងដែរ​។ ចំពោះមូលហេតុ​នៃ​គ្រោះថ្នាក់​នេះ ​មិន​ត្រូវ​បាន​គេ​ដឹង​ភ្លាមៗ​នៅឡើយទេ​។

ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសម្តែងការសោកស្ដាយចំពោះមរណភាពក្នុងឧបទ្ទវហេតុនេះ ហើយបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព។

ទោះជា​យ៉ាងណា មន្ត្រី​នាយកដ្ឋាន​ចរាចរណ៍​បាន​និយាយ​ថា ការ​ស៊ើបអង្កេត​បឋម​បាន​បង្ហាញ​ថា អ្នកបើកបរ​បានបរាជ័យក្នុងការបត់ក្នុងផ្លូវកោង ដែលនាំឱ្យមានគ្រោះថ្នាក់។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានអ្នកបាត់បង់ជីវិត គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ដែលជារឿយៗ បណ្តាលមកពីការផ្ទុកលើសទម្ងន់ ស្ថានភាពផ្លូវមិនល្អ និងការបើកបរមិនប្រុងប្រយ័ត្ន។ មន្ត្រីបាននិយាយថា មនុស្សប្រហែល ១៥០,០០០នាក់ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសឥណ្ឌា៕

ប្រភព៖ Xinhua

Share.