កំពង់ចាម៖ មានអ្នកទទួលការ ចំនួន៣៤នាក់ បានចូលរួមប្រកួតប្រជែងដេញថ្លៃគម្រោងផ្លូវបេតុងអាមេប្រវែង៧០០ម៉ែត្រ ឆ្លងកាត់ឃុំចំនួន៣ ក្នុងស្រុកបាធាយ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ ធ្វើឡើងនៅសាលាឃុំទំនុប ស្រុកបាធាយ ខេត្តកំពង់ចាម ។ ដើម្បីប្រជែងយកភាពស្របច្បាប់ក្នុងការអនុវត្តន៍ផ្លូវនេះ ដោយមានការត្រួតពិនិត្យពីតំណាងរដ្ឋបាលខេត្ត ស្រុក និងគណៈកម្មការលទ្ធកម្មទាំង៣ឃុំ ។ ក្នុងរយៈពេល១០នាទី បញ្ចប់ដោយស្នូរទះដៃយ៉ាងកងរំពងដោយសម្រេចទទួលស្គាល់ជាផ្លូវការដល់ក្រុមហ៊ុនចំនួន៣ ជាអ្នកឈ្នះពីការប្រជែងនេះ ដោយគ្មានការជំទាស់ពីគ្រប់សមាសភាពដែលបានចូលរួម ទាំងអ្នកទទួលការ អ្នកត្រួតពិនិត្យ និងអ្នកព័ត៌មាន ។ ក្រុមហ៊ុនទាំង៣ ត្រូវចុះកិច្ចកុងត្រាសាងសង់ផ្លូវនេះ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាឃុំទំនប់នេះតែម្តង ។

លោក ឡី មិច នាយករងរដ្ឋបាលខេត្ត បានថ្លែងថា ទាំងថ្ងៃម្សិលមិញដេញនៅសាលាស្រុកកោះសូទិន៣គម្រោង និងថ្ងៃនេះក៏ដេញ៣គម្រោងដែរ ឃើញថាមានដំណើរការបានល្អ សូម្បីតែលោកអភិបាលខេត្តក៏សប្បាយចិត្តដែរ ទោះបីអ្នកទទួលការមានចំនួនច្រើនតែយើងធ្វើបានល្អ ។ ជាក់ស្តែងថ្ងៃម្សិលមានចំនួន៤១នាក់ ព្រឹកនេះមានអ្នកទទួលការចំនួន ៣៤នាក់ បានចូលរួមប្រកួតប្រជែងបានដោយជោគជ័យ ។ ផ្លូវបេតុងប្រវែង ៧០០ម៉ែត្រ ឆ្លងកាត់ចំនួន៣ឃុំ គឺ១.ឃុំជាលា ២.ឃុំច្បារអំពៅ និង៣ឃុំតាំងក្រាំង គឺក្នុងតម្លៃប៉ាន់ស្មានជាង៥០០លានរៀល ហើយតម្លៃដេញបានជាង ៤៨០លានរៀល ។ ដោយឃុំជាលា បានទៅក្រុមហ៊ុន យ៉េន ស៉ីនួន ឃុំច្បារអំពៅ បានទៅក្រុមហ៊ុន លី ឈួង និងឃុំតាំងក្រាំង បានទៅក្រុមហ៊ុន ហួត ឆៃលីម ជាក្រុមហ៊ុនទទួលការសាងសង់ផ្លូវនេះ ។

លោកនាយករងសាលាខេត្តបានឲ្យដឹងទៀតថា អ្នកប្រកួតប្រជែងមានចំនួនច្រើនមែន គឺច្រើនជាងពេលមុនៗ ដូចេះ ខាងគណៈកម្មការលទ្ធកម្មពិនិត្យ និងវាយតម្លៃដោយប្រើពេល២ម៉ោង ទើបសម្រេច ហើយលទ្ធផលយើងអាចទទួលយកបាន ។ លទ្ធផលប្រពៃនេះ យើងសង្ឃឹមថា ផ្លូវមានគុណភាណ ផ្តល់ភាពងាយស្រួលដល់ពលរដ្ឋអាស្រ័យផលនៅមូលដ្ឋានក្នុងស្រុកបាធាយនេះ ៕


អត្ថបទ៖អាចារ្យលាក់

