បាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ បានរៀបចំសន្និសីទសារព័ត៌មាន និងចាប់ឆ្នោតបែងចែកពូល រួមរាល់ ដោយមានក្រុមចូលរួមប្រកួតសរុបចំនួន ៦១ក្រុម ក្នុងនោះក្រុមបុរសមានចំនួន ៤៨ក្រុម ចែកចេញជា ១៦ពូល និងក្រុមនារីមានចំនួន ១៣ក្រុម បែងចែកចេញជា ៤ពូល។

ពិធីចាប់ពូលនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ខៀវ ភារិទ្ធ សមាជិកអចិន្រ្តៃយ៍គណ:កម្មធិការកណ្ដាល ស.ស.យ.ក និងជាប្រធានគណៈកម្មការប្រតិបត្តិតំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក និងជាប្រធានគណកម្មការរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ បាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ធ្វើឡើងនារសៀលថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅអគារ The Kampus។
ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ បាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ បានមានប្រសាសន៍ថា៖ Soccer League មិនត្រឹមជាវេទិកាផ្ដល់ឱកាសដល់កីឡាករគ្រប់រូប មកពីគ្រប់ស្ថាប័នរដ្ឋ និងឯកជនជុំវិញរាជធានី-ខេត្ត ដើម្បីមាន ឱកាសបញ្ចេញសមត្ថភាពនៅលើទីលានប្រកបដោយតម្លាភាពនោះទេ ប៉ុន្តែ Soccer League ក៏ជាព្រឹត្តិការណ៍មួយដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំផុសចលនាសាមគ្គីភាព រឹតចំណងមិត្តភាពរបស់យុវជននៅទូទាំងប្រទេស ជាពិសេសដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យកីឡាបាល់ទាត់នៅ កម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន និងរឹងមាំ ដើម្បីជាថ្នាលឆ្ពោះទៅកាន់ថ្នាក់ជាតិ និងអន្តរជាតិ ក្រោមពាក្យ ស្លោកមួយគឺ «ស្មារតីសាមគ្គីភាព» ។

ឯកឧត្តម ខៀវ ភារិទ្ធ ក៏បានលើកឡើងថា ទន្ទឹមនឹងមានការកើនឡើងចំពោះក្រុមនារីនៅឆ្នាំនេះ គឺជាភាពក្លាហានមួយរបស់នារី និងបទពិសោធន៍ថ្មីក្នុងការប្រកួត និងនៅឆ្នាំក្រោយៗទៀតឯកឧត្តម សង្ឃឹមថានិងនៅតែមានការកើនឡើង។ ឯកឧត្តម បន្ថែមថា ពាក់ព័ន្ធទៅហ្នឹងការរៀបចំការប្រកួត គឺមានភាពលំបាក់ដោយសារមានក្រុមចូលរួមច្រើន ការប្រកួតក៏ច្រើន និងត្រូវមានអាជ្ញាកណ្ដាលច្រើន តែទោះជាយ៉ាងណា ដោយមានការសម្របសម្រួលពីក្រសួងអបរំ និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើអោយការរៀបចំការប្រកួតបានប្រព្រឹត្តិទៅដោយរលូន។
ការប្រកួតបាល់ទាត់ Soccer League មានក្រុមចូលរួមប្រកួតសរុបចំនួន ៦១ក្រុម ក្នុងនោះ ក្រុមបុរសមានចំនួន ៤៨ក្រុម និងក្រុមនារីមានចំនួន ១៣ក្រុម ។ ការចែកពូលរបស់ក្រុមនារី គឺត្រូវបានបែងចែកចេញជា ៤ពូល ក្នុងនោះមាន A, B, C, និងD ដែលមានសរុបទាំងអស់ ២៣ប្រកួត ។ ដោយ ពូល A មានចំនួន ៤ក្រុម ខណៈពូល B, C និងD មានចំនួន ៣ក្រុម ។

ចំណែកការចែកពូលរបស់ក្រុមបុរសវិញ ត្រូវបានបែងចែកចេញជា ១៦ពូល មានពីពូល A ដល់ពូល P មានសរុបទាំងអស់ចំនួន ៦៤ ប្រកួត ។ នៅក្នុងពូលនីមួយៗមានការបែងចែកជា ៣ក្រុម ។ ការប្រកួតផ្នែកបុរស និងផ្នែកនារីនេះត្រូវបានធ្វើឡើងដំណើរគ្នាចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះតទៅ នៅទីលានវិទ្យាល័យបឹង ត្របែក ទីលាន AUPP វិទ្យាស្ថាន NIPEC (នារី), កីឡដ្ឋានភ្នំពេញក្រោន (RSN) កីឡាដ្ឋាន ISI ដង្កោសែនជ័យ និងពហុកីដ្ឋានជាតិអូឡាំពិក។

សូមរំលឹកថា នៅថ្ងៃកម្មវិធីបើកនៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ គណៈកម្មការរៀបចំការប្រកួត បានផ្តួចផ្តើម រៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌រវាងក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ និងក្រុមផ្ការីក គ្រប់រដូវ នាយពាក់មី ក្រោមមូលបទ “បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា” ក្នុងគោលបំណងស្វែងរក មូលនិធិជួយដល់កុមារកម្ពុជា តាមរយៈការលក់សំបុត្រចូលរួមទស្សនា ក្នុងនោះ សំបុត្រ១ ទទួល បានអាវយឺតដ៏ស្រស់ស្អាត១ ហើយមានឱកាសឈ្នះរង្វាន់ម៉ូតូ ថែមទៀត។ កម្មវិធីបើកធ្វើឡើងនៅថ្ងៃទី០៩ មិថុនា ២០២៤ ចាប់ពី ១៧:០០នាទី តទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
មកទល់ពេលនេះ “ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌” បានទទួលការចូលរួមឧបត្ថម្ភថវិកា ចំនួន ៨៥,០០០$ (ប្រាំបីម៉ឺនប្រាំពាន់ដុល្លារសហរដ្ឋអាមេរិច) ដើម្បីជួយដល់កុមារកម្ពុជា រួមមាន៖ អ្នកឧកញ៉ា លាង ម៉េង ចំនួន ៥០,០០០$ ឧកញ៉ា សុខ ហុង ចំនួន ១០,០០០$ ឯកឧត្តម ប៉ោ វណ្ណាត ចំនួន ១០,០០០$ ឯកឧត្តម សុខ វាសនា ចំនួន ១០,០០០$ និងឧកញ៉ា សម្បត្តិ រតនៈ ចំនួន ៥,០០០$ ។

ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ត្រូវបានរៀបចំឡើងចំនួន ០៦លើក រួចមកហើយ គិតចាប់ពីឆ្នាំ២០១២ មកម្លេះ ដែលឆ្នាំ២០២៤នេះ គឺជាលើកទី៧ហើយ ក្នុងនោះរួមមាន៖
ឆ្នាំ២០១២ ទទួលបាន ៣២ក្រុម
ឆ្នាំ២០១៣ ទទួលបាន ៤០ក្រុម
ឆ្នាំ២០១៤ ទទួលបាន ៣២ក្រុម
ឆ្នាំ២០១៥ ទទួលបាន ៤៩ក្រុម
ឆ្នាំ២០១៦ ទទួលបាន ៦០ក្រុម
ឆ្នាំ ២០១៩ ទទួលបាន ៦០ក្រុម
ឆ្នាំ២០២៣ ទទួលបាន ៧៤ក្រុម (ស្រី ១០ក្រុម)
ឆ្នាំ ២០២៤ ទទួលបាន ៦១ក្រុម (ស្រី ១៣ក្រុម)

ការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៧ ឆ្នាំ២០២៤ ទទួលបានដៃគូឧបត្ថម្ភ គាំទ្រធំចំនួន ០៣ គឺក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រុមហ៊ុន អេច អេស ស៊ី ត្រេឌីង ក្រុមហ៊ុន Kompong Dewa Resort និងសហការគាំទ្រដោយ ក្រុមហ៊ុន HUAWEI Technologies ក្រុមហ៊ុន Camfield និង ក្រុមហ៊ុន ដៃ ឯក ហ៊ឹមផត អិចផត ឯ.ក៕



