កណ្តាល ៖ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានក្រុមគ្លីនិកឯកជនចាប់សែងលើកដាក់ម៉ូតូកង់បីយកទៅគ្លីនិក បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តហាយឡែនឌ័របើកបុកពីក្រោយម៉ូតូហុងដាឌ្រីមជាប់អូសជាង២០ម៉ែត្រ កាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5473 បើកពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ជាប់អូសជាង២០ម៉ែត្រទើបឈប់ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ។

ក្រោយកើតហេតុភ្លាមៗត្រូវបានក្រុមគ្លីនិកឯកជន យកម៉ូតូកង់បីទៅសែងយកជនរងគ្រោះ ដឹកយកទៅគ្លីនិក សុធារិទ្ធបែកចាន ។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានស្រុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.