ត្បូងឃ្មុំ៖ បន្ទាប់ពីផ្ទុះមតិរិះគន់រឿងមន្ត្រីគយចល័តតំបន់៦ចុះចាប់ និងដកហូតទូរស័ព្ទជាង១ពាន់គ្រឿងនៅទីតាំងអាជីវកម្មចំនួន៥ ក្នុងខេត្តត្បូងឃ្មុំ​ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានចេញសេចក្ដីបំភ្លឺមួយពាក់ព័ន្ធនឹងវិធានការមួយចំនួនដែលត្រូវអនុវត្ត។

ការចុះចាប់និងដកហូតទូរស័ព្ទខាងលើនេះជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យដែលអនុវត្តឡើងដោយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្ត និងអាជ្ញាធរមូលដ្ឋានក្រោមកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញាអម សាលាដំបូងខេត្តត្បូងឃ្មុំផងដែរ។   

ក្នុងពេលចុះនៅតាមទីតាំងអាជីវកម្មដ្ឋានខាងលើ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថា មានទូរស័ព្ទស្មាតហ្វូនថ្មី ចំនួន ៣៥៦ គ្រឿង និងទូរស័ព្ទប្រើរួច ចំនួន ៩៥៥ គ្រឿង ពុំមានបិទត្រាពន្ធគយ និងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់ ។ ហើយក៏ត្រូវបាននាំយកទៅថែរក្សាទុកជាបណ្តោះអាសន្ននៅទីតាំងឈរជើងរបស់ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។ ចំពោះទូរស័ព្ទប្រើរួចដែលត្រូវបានរកឃើញថា ជាទំនិញទិញដូរក្នុងស្រុក នោះអង្គភាពគយនិងរដ្ឋាករមានសមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញ ។

ជុំវិញករណីខាងលើ គយតំបន់៦ ពុំទាន់មានចេញដំណោះស្រាយនៅឡើយទេ ដោយទូរស័ព្ទសុំការបំភ្លឺខលចូលម្តង រួចខលលែងចូលតែម្តង ។ ចំពោះអាជីវករលក់ទាំង៥ទីតាំងខាងលើ យើងបានទំនាក់តាមទូរស័ព្ទដើម្បីសុំការបរិយាយពាក់ព័ន្ធរឿងនេះ គាត់បានបញ្ជាក់ថា គាត់បានធ្វើវីដេអូរបញ្ជាក់ជាមួយជំនាញរួចហើយ ។ ការតម្រូវឲ្យបង់ព័ន្ធយ៉ាងណានោះមិនទាន់ដឹងទេ លទ្ធផលអាចដឹងក្នុងសប្តាហ៍ក្រោយនេះ អ្វីដែលពិតគឺជំនាញគយជាអ្នកសម្រេច ។

កិច្ចប្រតិបត្តិការចុះចាប់របស់គយចល័តតំបន់៦ ចំណុចផ្សារខាងលើ រយៈពេល៤ថ្ងៃ គិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ សភាពការណ៍ទូទៅ ពិសេសបងប្អូនអាជីវករលក់ទូរស័ព្ទ គ្រប់ផ្សារ រួមមាន.ផ្សារមេមត់ ផ្សារជីមាន់ ផ្សារស្ទឹង ក្នុងស្រុកពញាក្រែក ផ្សារក្រុងសូង ផ្សារតំបែរ ផ្សារអូររាំងឪ ផ្សារថ្នល់ទទឹង ក្នុងស្រុកត្បូងឃ្មុំ និងផ្សារស្រុកក្រូចឆ្នារ ។ មានតូបលក់ច្រើន ជាងតូបបិទ ដោយមូលហេតុ  បងប្អូនអាជីវករទាំងគ្រប់ផ្សារក្នុងខេត្ត ពួកគាត់មិនសូវចេះមើលទូរស័ព្ទណាបង់ព័ន្ធ មិនបង់ព័ន្ធនោះ ចេះតែលក់ទៅ ដល់គយចុះពិនិត្យពួកគាត់ភ័យទើបស្ថានបែបនេះ ។

តែទោះជាយ៉ាងណា បងប្អូននៅតែបន្តប្រឹងប្រែងលក់ដើម្បីដោះស្រាយជីវភាពគ្រួសារ និងបង់ធនាគារ ។ ជាងនេះទៀត បងប្អូនអាជីវករ គាត់សំណូមពរដល់ខាងពន្ធដារ កាំកុងត្រូល និងខាងគយ មេត្តាជូនដំណឹងដល់បងប្អូនអាជីវករផង មុននឹងអនុវត្តន៍ភារកិច្ចរបស់ខ្លួននោះ ៕

អត្ថបទ៖ អាចារ្យលាក់

Share.