ប៉ូលិសក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យ ថា អ្នកជួយសង្រ្គោះស្ម័គ្រចិត្តម្នាក់ បានស្លាប់អំឡុងប្រតិបត្តិការជួយសង្គ្រោះ ចំពេលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Yahoo News នាថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។

បុគ្គលិកជួយសង្គ្រោះចំនួន ៤នាក់កំពុងព្យាយាមចូលទៅដល់កន្លែងដែលមនុស្សជាប់នៅក្នុងទឹកជំនន់នៅជិតទីក្រុង Pfaffenhofen ក្នុងតំបន់ Bavaria នៅពេលនោះទូករបស់ពួកគេបានក្រឡាប់លិចកាលពីថ្ងៃសៅរ៍ ដោយបណ្ដាលឱ្យអ្នកជួយសង្រ្គោះម្នាក់បានស្លាប់។ ប៉ុន្ដែសាកសពអ្នកជួយសង្រ្គោះរូបនេះ ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ។

ទាក់ទិននឹងបញ្ហានេះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នឹងទៅទស្សនាតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅថ្ងៃចន្ទ នេះ ជាមួយគ្នាសេវាកម្មអាកាសធាតុអាល្លឺម៉ង់ (DWD) បានព្រមានអំពីភ្លៀងធ្លាក់បន្ថែមទៀត ដែលនឹងធ្លាក់នៅតំបន់ភាគខាងត្បូង និងភាគខាងកើតនៃប្រទេសអាល្លឺម៉ង់។

ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃសុក្រ សប្ដាហ៍មុន បាននាំឱ្យមានទឹកជំនន់នៅទូទាំងរដ្ឋភាគខាងត្បូងអាល្លឺម៉ង់ ដោយមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង ទៅកាន់កន្លែងសុវត្ថិភាព។

ស្របពេលនោះដែរ ក្រសួងមហាផ្ទៃក្នុងតំបន់ បាននិយាយថា នៅក្នុងទីក្រុងបាវ៉ារៀ មានប្រជាជនចំនួន ៣,០០០នាក់ត្រូវចាកចេញពីផ្ទះរបស់ពួកគេទៅកាន់កន្លែងសុវត្ថិភាព ខណៈតំបន់ខ្លះកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់។ សេវាផ្លូវដែករវាងទីក្រុង Stuttgart និងទីក្រុង Augsburg ក៏ត្រូវបានរំខានផងដែរ បន្ទាប់ពីមានការរអិលបាក់ដី បណ្តាលឱ្យរថភ្លើងបើកធ្លាក់ចេញពីផ្លូវរត់។

គួររំលឹកថា កាលពីឆ្នាំ២០២១ អាល្លឺម៉ង់ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងដោយសារទឹកជំនន់នៅក្នុងទ្វីបអឺរ៉ុប ដោយបណ្ដាលឱ្យមានមនុស្សស្លាប់ រងរបួស និងបង្កការខូចខាតជាច្រើន ដែលកើតឡើងដោយកត្តាការប្រែប្រួលអាកាសធាតុ ខណៈអ្នកវិទ្យាសាស្រ្តបានព្រមានថា គ្រោះធម្មជាតិនឹងកើតឡើងកាន់តែញឹកញាប់ និងខ្លាំងក្លាជាងមុន៕

ប្រភព៖ Yahoo News

Share.