ភ្នំពេញ ៖ ស្ត្រី២នាក់បងប្អូន ម្នាក់រងរបួសធ្ងន់ បាក់ជើងស្តាំ ម្នាក់រងរបួសស្រាល បន្ទាប់ពីជិះម៉ូតូZOOMERឌុបគ្នា ហ្វ្រាំងមិនទាន់ជ្រុលបុកផ្ទប់រថយន្តសាំយ៉ុង កំពុងបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខច្រកចូលតំបន់សេដ្ឋកិច្ច ភូមិត្រពាំងទួល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ស្ត្រី២នាក់បងប្អូន ជិះម៉ូតូZOOMER ពណ៌ស ពាក់ស្លាកលេខ 1FO-8040 ឌុបគ្នាធ្វើដំណើរពីលិចទៅកើត ដល់ចំណុចកើតហេតុហ្វ្រាំងមិនទាន់ ជ្រុលបុកផ្ទប់ជាមួយរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J-0372 បើកពីកើតទៅលិច បត់ឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឱ្យស្ត្រីជាអ្នកបើកម៉ូតូរងរបួសធ្ងន់ បាក់ជើងស្តាំ អ្នករួមដំណើររងរបួសស្រាល។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់បងប្អូន ត្រូវបានក្រុមអ្នកគួកជេជនរងគ្រោះ លើកដាក់ម៉ូតូកង់បី ដឹកយកទៅគ្លីនិកឯកជន ។ ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានអ្នកបើកបររថយន្ត ព្យាយាមសុំធ្វើការសម្របសម្រួល ជាមួយភាគីរងគ្រោះ ដោយជួយចេញថ្លៃព្យាបាលរបួសដើម្បីបញ្ចប់រឿង៕

អត្ថបទ៖ តាតុងសែនជ័យ

Share.