ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានអំពាវនាវដល់ប្រជានេសាទទាំងអស់ត្រូវចូលរួមគោរពច្បាប់ ស្ដីពីជលផល ដើម្បីធានាឱ្យធនធានមច្ឆាជាតិបាននូវគង់វង្សតទៅមុខទៀតជាប្រយោជន៍ទាំងពេលបច្ចុប្បន្ននិងទៅអនាគត់។
ឯកឧត្តមអភិបាលខេត្តថ្លែងបែបនេះក្នុងពេលដឹកនាំមន្ត្រីក្នុងស្ថាប័នពាក់ព័ន្ធចុះជួបផ្សព្វផ្សាយច្បាប់ជលផលជូនប្រជាពលរដ្ឋក្នុងរដូវបិទនេសាទ នៅលើផ្ទៃទឹក ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ រសៀលថ្ងៃទី០១ខែមិថុនា ឆ្នាំ២០២៤នេះ។

ឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើង ផ្ដោតសំខាន់ក្នុងការ ការពារពូជមច្ឆជាតិនារដូវបិទនេសាទនេះ ជាពេលវេលាដែលត្រីត្រូវបន្លាស់ទីនៅគ្រប់ច្រកល្ហកដើម្បីពងកូនបន្តពួជ តទៅមុខទៀត។ ក្នុងន័យនេះឯកឧត្តមអភិបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ត្រូវចូលរួមគោរពអនុវត្តច្បាប់ស្ដីពីជលផលឲ្យបានគ្រប់ៗគ្នាជាពិសេសក្នុងអំឡុងពេលរដូវបិទនេសាទនេះ ចាប់ពីថ្ងៃទី០១ ខែមិថុនាដល់ថ្ងៃទី៣០ខែកញ្ញា ដោយប្រើប្រាស់ត្រឹមតែឧបករណ៍លក្ខណៈគ្រួសារបានហើយ ជៀវាងសកម្មភាពប្រព្រឹត្ត បទល្មើសនេសាទដែលបង្កគ្រោះមហន្តរាយដល់ប្រភពធនធានមច្ឆាជាតិផ្ទុយនឹងច្បាប់នោះនឹងត្រូវប្រឈមនិងការអនុវត្តច្បាប់ជាពុំខានឡើយ។

អ្វីជាមោទនភាព កិត្តិយស សម្រាប់ក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋបើយើងអនុវត្តបានគ្រប់ៗគ្នានោះនឹងក្លាយជាប្រជាជនដែលមានឧត្តមគតិជាតិ និងជាប្រជាជនដែលចេះគោរពច្បាប់ មានសេចក្តីថ្លៃថ្នូបំផុតក្នុងមូលដ្ឋានគឺមានន័យថា យើងបានចូលរួមការពារធនធានមច្ឆាជាតិយើងឱ្យសម្បូរកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំតែម្ដង។
ដោយឡែកចំពោះ មន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបន្តជំរុញការចុះទប់ស្កាត់និងបង្ក្រាបនៅរាល់សកម្មភាពប្រព្រឹត្តល្មើសច្បាប់លើគ្រប់រូបភាពឱ្យមានប្រសិទ្ធភាពខ្ពស់ជៀសវាងកន្ទីរធំបន្លំដេក៕

អត្ថបទ៖ ពោធិ៍សាត់

