ភ្នំពេញ៖ បុរសម្នាក់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តចតស្ងៀមលើចិញ្ចើមផ្លូវ ហើយរថយន្តបានបន្តល្បឿនបើករត់ទៅមុខចម្ងាយប៉ុន្មានរយម៉ែត្រ ត្រូវពលរដ្ឋជិះប្រដេញតាមឃាត់បាន។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ សឿន ចាន់សាន្ត ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរ អ្នករកសុី រស់នៅឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តធន់ធំដឹកទំនិញមួយគ្រឿងពាក់ស្លាកលេខសៀមរាប 3A-3122 បានបើកយកមកចតនៅលើចិញ្ចឹមផ្លូវ៥ ខណៈដែលអ្នកបើកបរសម្រាកនៅក្នុងរថយន្ត មួយសន្ទុះក្រោយមក ស្រាប់តែគេឃើញ បុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល 1O-3597 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តបណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមៗពេលនោះដែររថយន្តបានបន្តល្បឿនបើករត់ទៅមុខចម្ងាយជាច្រើនម៉ត្រ តែត្រូវបានពលរដ្ឋជិះប្រដេញតាមពីក្រោយឃាត់បានទាំងរថយន្តនិងអ្នកបើកបរទុកប្រគល់ឲ្យផ្នែកជំនាញ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់វាស់វែងរួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីសង្ខារដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ត្រយងតូច

Share.