ភ្នំពេញ ៖ ស្ត្រីម្នាក់ និងចៅប្រុសម្នាក់ទៀតរងរបួសធ្ងន់ ចំណែកកូនប្រុសរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាវិលមកពីស្រុក លឿនជ្រុលទៅបុកពីក្រោយរុឺម៉កម៉ូតូដឹកប្រេងឆា កាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1U-5004 ជិះគ្នា៣នាក់ បើកដោយឈ្មោះ វ៉ែន សុខវីន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រួមដំណើរជាមួយម្តាយឈ្មោះ
នួន រី អាយុ៥៣ឆ្នាំ មុខរបរបុគ្គលិកហាង និងចៅប្រុស ឈ្មោះ អុល មករា អាយុ៥ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រែង ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។ ចំណែកភាគីខាងរុឺម៉កម៉ូតូ ដឹកប្រេងឆា បើកដោយឈ្មោះ ស៊ុម ពិសី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រុឺម៉កម៉ូតូដឹកប្រេងឆា យកទៅឱ្យម៉ូយ បើកឆ្លងផ្លូវពីលិចទៅកើត ឆ្ពោះពីជើង ស្រាប់តែជនរងគ្រោះជិះម៉ូតូឌុបម្តាយលឿនជ្រុល ហ្វ្រាំងមិនទាន់ ជ្រុលបុកពីក្រោយ បណ្តាលឱ្យយាយនិងចៅ រងរបួសធ្ងន់ កូនប្រុសរងរបួសស្រាល ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះ២នាក់យាយនិងចៅ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

