លោក ទីវ តារារិទ្ធ នឹង​ចេញ​ដំណើរ​ពី​ខេត្ត​សៀមរាប ទៅ​កាន់​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី៦ ខែ​មិថុនា​នេះ​។ លោក​មិន​ជិះ​យន្តហោះ​ទេ គឺ​លោក​ធាក់​កង់​ទៅ​។ ដំណើរ​ជើង​នេះ​មាន​ឈ្មោះ​ថា «ជិះ​កង់​ដើម្បី​កុមារ​កម្ពុជា​ពី​ប្រទេស​កម្ពុជា​ទៅ​ទ្វីប​អឺរ៉ុប» ដែល​មាន​ចម្ងាយ​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ក្នុង​គោល​បំណង​រៃអង្គាស​ថវិកា​ពី​សប្បុរសជន ដើម្បី​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ និង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​។

ដើម្បី​បំផុស​ឲ្យ​មហាជន​បាន​ដឹង និង​បាន​ឱកាស​ចូល​រួម​លើក​ទឹកចិត្ត ក៏​ដូច​ជា​បរិច្ចាគ​ជូន​មន្ទីរ​ពេទ្យ​ទាំង​ពីរ​តាម​រយៈ​បេសកកម្ម​ផ្សងព្រេង​របស់​លោក ទីវ តារារិទ្ធិ, ក្រសួង​ព័ត៌មាន​ដឹកនាំ​ដោយ ឯកឧត្តម នេត្រ ភក្ត្រា បាន​បើក​ឲ្យ​មាន​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី ៣ ខែ​មិថុនា ឆ្នាំ ២០២៤ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ផុលផុស ទៅ​ក្នុង​ស្រទាប់​មហាជន​។ ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​កោត​សរសើរ​ទឹកចិត្ត​ក្លាហាន មោះមុត​របស់​ចក្រយានិក ទាវ តារារិទ្ធិ ថា មិន​ត្រឹមតែ​រៃអង្គាស​ថវិកា​សប្បុរសធម៌​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ទេ បេសកម្មលោក នឹង​ដឹក​ទាំង​ទង់ជាតិ​កម្ពុជា ភាសា កាយវិការ អារ្យធម៌​ខ្មែរ​ទៅ​កាន់​ពិភព​លោក​ផង​ដែរ​។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ចំណែក​ឯ​តំណាង​មន្ទីរ​ពេទ្យ គន្ធបុប្ផា និង​កុមារ​អង្គរ ដែល​ធ្លាប់​ទទួល​បាន​ថវិកា​សប្បុរសធម៌​តាម​រយៈ​បេសកកម្ម​ជិះ​កង់​របស់​លោក តារារិទ្ធិ និង​សប្បុរសជន​ផ្សេង​ទៀត ក៏​ថ្លែង​នូវ​អំណរគុណ រួម​ដោយ​ការ​កោត​សរសើរ​ពី​វីរភាព​របស់​លោក ដែល​តស៊ូ​ដើម្បី​បង្កើត​សកម្មភាព​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន ឲ្យ​ចូលរួម​បរិច្ចាគ​ថវិកា​សម្រាប់​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ទីវ តារារិទ្ធិ បាន​រៀបរាប់​ពី​គម្រោង​ធ្វើ​ដំណើរ​របស់​លោក​ថា គម្រោង​ដំណើរ​ធាក់​កង់​របស់​លោក​មាន​រយៈ​ពេល​មួយ​ឆ្នាំ ដោយ​លោក​នឹង​ចាប់​ចេញ​ដំណើរ​នៅ​ព្រឹក​ម៉ោង ៦ ថ្ងៃ​ទី​៦ ខែ​មិថុនា (​ខែ៦​) ពី​ខេត្ត​សៀមរាប កាត់​តាម​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ហើយ​ឆ្លង​ចូល​ទៅ​កាន់​ប្រទេស​ឡាវ ដែល​លោក​តែង​នឹក​រឭក​ចង់​ឃើញ​ស្នាម​ញញឹម​របស់​ប្រជាជន និង​ទេសភាព​ដ៏​ស្រស់​បំព្រង​ដូច​ប្រទេស​កម្ពុជា​ដែរ​។ បន្ទាប់​មក​លោក​នឹង​ឆ្លង​ចូល​ភាគ​ខាង​ជើង​ប្រទេស​ថៃ ហើយ​ហោះ​រំលង​ប្រទេស​មីយ៉ាន់ម៉ា ទៅ​កាន់​ប្រទេស​បង់ក្លាដេស ទើប​បន្ត​ទៅ​ឧបទ្វីប​ឥណ្ឌា​។ លោក តារារិទ្ធិ បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ជិះ​យន្តហោះ​រំលង​ប្រទេស​មីយ៉ាន់ម៉ា និង​ប្រទេស​ខ្លះ​ទៀត ត្បិត​ស្ថានភាព​នៃ​ប្រទេស​ទាំង​នោះ មិន​អាច​ធានា​សុវត្ថិភាព​ដល់​ដំណើរ​របស់​លោក​បាន​។

លោក​នឹង​ធ្វើ​ដំណើរ​នៅ​ជុំវិញ​អាស៊ី​កណ្ដាល និង​អាស៊ី​ខាង​លិច ទើប​ឆ្លង​ចូល​ទៅ​អឺរ៉ុប​តាម​ប្រទេស​ទួរគី និង​ប៊ុលហ្គារី ទើប​បន្ត​ដំណើរ​របស់​លោក​ជុំវិញ​ទ្វីប​អឺរ៉ុប ហើយ​ជា​ចុង​ក្រោយ លោក​នឹង​បញ្ចប់​ដំណើរ​របស់​លោក​នៅ​ប្រទេស​បារាំង​។

និយាយ​ពី​ប្រទេស​បារាំង លោក តារារិទ្ធិ ថា ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា របស់​ប្រទេស​នេះ​ហើយ ដែល​បាន​ជួយ​សម្របសម្រួល​ផ្ដល់​ទិដ្ឋាការ​ពិសេស​ជូន​លោក គឺ​ទិដ្ឋាការ​ដែល​មិន​មាន​កំណត់​។ ការណ៍​នេះ​បាន​ជួយ​ឲ្យ​លោក​អស់​កង្វល់​ក្នុង​ចិត្ត និង​កាន់​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​ជុំវិញ​អឺរ៉ុប​។ ជា​មួយ​គ្នា​នេះ​លោក​ក៏​បាន​រំលេច​ឲ្យ​ឃើញ​ពី​បុគ្គល​ម្នាក់​ទៀត ដែល​តែង​ជួយ​ជ្រោមជ្រែង និង​គាំទ្រ​គម្រោង​របស់​លោក​ជា​និច្ច គឺ​លោកស្រី​ទាវ បណ្ដូល ដែល​ជា​បង​ស្រី​របស់​លោក​។

កាល​ពី​ឆ្នាំ ២០២៣ លោក ទីវ តារារិទ្ធិ បាន​ឆ្លង​កាត់​ដោយ​ជោគជ័យ នូវ​បទពិសោធន៍​ធាក់​កង់​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​គោល​បំណង​រៃអង្គាស​ថវិកា​ជួយ​មន្ទីរ​ពេទ្យ​ទាំង​២​រួច​មក​ហើយ​។ ដំណើរ​ធាក់​កង់​ទៅ​ទ្វីប​អឺរ៉ុប​របស់​លោក​ជើង​នេះ អាច​ជា​ដំណើរ​ផ្សងព្រេង​លើក​ចុង​ក្រោយ​របស់​លោក​ផង​ដែរ​។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ចក្រយានិក ទីវ តារារិទ្ធ​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.