កំពង់ធំ៖ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម អាតស៊ូស៊ិ អ៊ូអិណូអគ្គរាជទូតជប៉ុនប្រចាំព្រះរាជណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី ០៤ ខែ មិថុនាឆ្នាំ ២០២៤។
ឯកឧត្តម តូច ប៊ុនហួរ លើកឡើងថាខេត្តកំពង់ធំត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជាលើសពីនេះគ្រាប់ស្វាយចន្ទីរបស់ប្រទេសកម្ពុជាមានទំហំធំនិងមានរសជាតិឈ្ងុយឆ្ងាញ់ហើយក៏ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមមានប្រទេសជប៉ុនផងដែរ។

ឯកឧត្តមបន្តថារដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាពនិង ចីរភាព ជាមួយនឹងការកំណត់យកអាទិភាព គន្លឹះ ៥ គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» និង គោលដៅយុទ្ធសាស្ត្រជាក់លាក់។ ទន្ទឹមនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព សម្រាប់ចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ពោលគឺ ៖ កម្មវិធីទី៥ «ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធី ហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសម រម្យ» និង កម្មវិធីទី៦ «ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅ គ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសហគមន៍កសិករ នៅតាមទីជនបទ» ។

ឯកឧត្តមបញ្ជាក់ថាដោយឃើញពីសក្តានុពលនៃផលិតផលស្វាយចន្ទី សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ ដល់គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឱ្យធ្វើការដឹកនាំរៀបចំនិង ដាក់ចេញនូវ វិធានការចាំបាច់នានា ក្នុងការជំរុញការកែច្នៃ និង ការនាំចេញផលិតផលស្វាយចន្ទី ក្នុងនោះ រួមមាន ៖ (១) ការពង្រឹង និង ការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់ កណ្តាលសម្រេចសិន (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួតហើយក្នុង ជំហានបន្ទាប់បន្តពង្រឹង និង ពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន (២)ការ បន្តពង្រឹងការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing) (៣) ការ ជំរុញការចងក្រង និង ការបង្កើតសហគមន៍កសិករស្វាយចន្ទី និង (៤) ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិលសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទីដើម្បីកែច្នៃនិងការបង្កើនទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី។

លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំបញ្ជាក់ថាខេត្តកំពង់ធំមានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មដូចជាដំណាំចន្ទីដាំដុះ បាន ១៤៥.៣០០ហិចតា ប្រមូលផលសរុបបាន ៨០.០០០ហិចតា និងទទួលបានទិន្នផលជាមធ្យម១,៥តោន/ហិចតាក្នុង១ឆ្នាំហើយ ខេត្តមាន សហគ្រាសសិប្បកម្ម កែច្នៃស្វាយចន្ទីចំនួន ០៧កន្លែង និងម៉ាស៊ីនសម្ងួត ២៣កន្លែងផងដែរ។


គួរបញ្ជាក់ថារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីប្រើប្រាស់ទុនជាង១លានដុល្លាអាមេរិច មានទំហំ៥៨ ម៉ែត្រ គុណ២០ ម៉ែត្រ និងអាចផលិតបាន១០តោនក្នុង១ថ្ងៃ ក្នុងកម្រិតកុងត្រា១៥០០តោនក្នុង១ឆ្នាំសម្រាប់ឆ្នាំដំបូងនិងសម្រាប់ឆ្នាំបន្ទាប់៣០០០តោន ក្នុង១ឆ្នាំ៕
អត្ថបទ៖ កំពង់ធំ

Share.