ញូវដែលី៖ សម្ព័ន្ធភាពនយោបាយរបស់លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានអះអាងពីការជ័យជម្នះក្នុងការបោះឆ្នោតសកលរយៈពេលជាច្រើនសប្តាហ៍ កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ប៉ុន្តែក្រុមប្រឆាំងបាននិយាយថា អ្នកបោះឆ្នោតបានផ្ញើសារច្បាស់លាស់មួយ បន្ទាប់ពីគណបក្សជាតិនិយមហិណ្ឌូរបស់លោក ម៉ូឌី បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤។

អ្នកអត្ថាធិប្បាយ និងការស្ទង់មតិបានព្យាករណ៍ពីជ័យជម្នះដ៏លើសលប់សម្រាប់លោក Modi ដែលយុទ្ធនាការរបស់លោក បានធ្វើឱ្យប្រជាជនកាន់សាសនាហិណ្ឌូភាគច្រើន មានការព្រួយបារម្ភចំពោះសហគមន៍មូស្លីម ២០០លាននាក់របស់ប្រទេសនេះ ដោយធ្វើឱ្យការព្រួយបារម្ភកាន់តែខ្លាំងឡើងលើសិទ្ធិរបស់ជនជាតិភាគតិច។


សម្ព័ន្ធភាពដែលដឹកនាំដោយគណបក្ស Bharatiya Janata Party (BJP) របស់លោក Modi បានឈ្នះសំឡេងភាគច្រើននៅក្នុងសភា នេះបើតាមលទ្ធផលនៅលើគេហទំព័ររបស់គណៈកម្មាធិការបោះឆ្នោត បានបង្ហាញកាលពីល្ងាចថ្ងៃអង្គារ។
ប៉ុន្តែគណបក្ស BJP បានគេព្យាករថា នឹងទទួលបានតែ ២៤០អាសនៈប៉ុណ្ណោះ បើធៀបនឹង ៣០៣អាសនៈ ដែលខ្លួនបានឈ្នះក្នុងការបោះឆ្នោតចុងក្រោយកាលពីប្រាំឆ្នាំមុន ពោល គឺនៅឆ្នាំ២០១៩ ដែលមានន័យថា វានឹងត្រូវពឹងផ្អែកលើដៃគូសម្ព័ន្ធភាពរបស់ខ្លួនដើម្បីអនុម័តច្បាប់។

គណបក្សរបស់ លោក ណារិនដ្រា ម៉ូឌី បានឈ្នះការបោះឆ្នោត ៣អាណត្តិជាប់ៗគ្នា ដោយលោក ម៉ូឌី បានប្រកាសប្រាប់ហ្វូងអ្នកគាំទ្រអំឡុងការអបអរជ័យជម្នះរបស់គណបក្សនៅក្នុងរដ្ឋធានីញូវដែលី។
លោក ម៉ូឌី បានអះអាងថា «អាណត្តិទី៣ របស់យើង នឹងក្លាយជាការសម្រេចចិត្តដ៏ធំមួយ ហើយប្រទេសនេះនឹងសរសេរជំពូកថ្មីនៃការអភិវឌ្ឍន៍»។
ការរាប់សន្លឹកឆ្នោត ដែលជិតបញ្ចប់កាលពីយប់ថ្ងៃអង្គារ បានបង្ហាញឱ្យឃើញថា សម្ព័ន្ធភាពរបស់លោកModiបានទទួលជ័យជម្នះ ទោះបីជាមានសំឡេងភាគច្រើនស្ដួចស្ដើងគួរឱ្យភ្ញាក់ផ្អើលក៏ដោយ។

លោក Modi បានកំណត់គោលដៅជាង ៤០០អាសនៈសម្រាប់សម្ព័ន្ធប្រជាធិបតេយ្យជាតិរបស់លោក ប៉ុន្តែបច្ចុប្បន្នកំពុងនាំមុខត្រឹមតែប្រហែល ២៩០អាសនៈប៉ុណ្ណោះ នេះបើយោងតាមទិន្នន័យរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលទើបរាប់បានប្រមាណបីភាគបួន។
សូមជម្រាបថា ការបោះឆ្នោត៧ ដំណាក់កាលបានចាប់ផ្តើមកាលពីថ្ងៃទី១៩ ខែមេសា ហើយបានបញ្ចប់នៅថ្ងៃទី១ ខែមិថុនា ថ្មីៗនេះ ដោយមានអ្នកទៅបោះឆ្នោតជាង ៦៤០លាននាក់ នៅក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោក៕

