ភ្នំពេញ ៖ បុរសម្នាក់ប្រកបរបរជាសន្តិសុខ បន្ទាប់ពីបាត់ដំណឹងអស់ចំនួន៣ខែ មិនដែលទៅស្រុក ទៅផ្ទះសោះ ប្រពន្ធងឿងឆ្ងល់ ម្យ៉ាងគ្មានលុយចិញ្ចឹមកូនផង ស្រាប់តែចុងក្រោយនេះបែកធ្លាយ កំពុងសង្ងំសោយសុខជាមួយប្រពន្ធថ្មី ស្រីណាមិនឈឺចិត្ត ស្រែកឡាំប៉ា ផ្អើលនាំយកទៅនិយាយគ្នានៅសាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលា៤រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ។


ស្ត្រីជាប្រពន្ធមានឈ្មោះ សៅ សុម៉ាឡៃអាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិភូមិជ្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ ចំណែកភាគីខាងប្តីមានឈ្មោះ ឌៀម ថុន អាយុ៣២ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមការយំរៀបរាប់ពីស្ត្រីជាប្រពន្ធ បានឱ្យដឹងថា គាត់បានគ្នាជាប្តីប្រពន្ធអស់រយៈពេល ៤ឆ្នាំមកហើយ មានកូនស្រីម្នាក់ អាយុ២ឆ្នាំ ដោយស្ថានភាពគ្រួសារ ជីវភាពខ្វះខាត ហើយដើម្បីសម្រួលដោះបន្ទុកជីវភាពក្នុងគ្រួសារ ប្តីបានសុំចាកចេញពីស្រុក មករាជធានីភ្នំពេញ រកការងារធ្វើជាសន្តិសុខ អស់រយៈពេល ៣ខែមកហើយ គិតយល់ថា ប្តីមានការងារធ្វើហើយ យ៉ាងហោចណាស់ក៏ដោះបន្ទុកក្នុងគ្រួសារបានធូរស្រាលបានខ្លះដែរ តែផ្ទុយទៅវិញ មិនដូចការស្មានឡើយ ចាប់តាំងពីប្តីមកធ្វើការងារនៅរាជធានីភ្នំពេញ បាត់ទាំងដំណឹងសូន្យ ចំណែកលុយកាក់សូម្បីតែ ១រៀលមិនបានផ្ញើឱ្យប្រពន្ធកូនផង ជាក្តីកង្វល់មួយក្នុងគ្រួសារទៅវិញ ដោយមិនអស់ចិត្ត ទើបនៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ ខ្លួនបានពរបីកូនស្រី ធ្វើដំណើរតាមស្វែងរកប្តី សាកសួរបងប្អូន ស្គាល់ដឹងកន្លែងស្នាក់នៅ ទៅដល់ ទើបដឹងកាពិត ត្រូវបែកធ្លាយនៅពេលនេះ ខណៈដែលលោកប្តីកំពុងសំងំសោយសុខជាមួយប្រពន្ធចុងទៅវិញ អ៊ីចិងតើ បានជាមិនផ្ញើលុយឱ្យ បាត់ទាំងដំណឹង លោកប្តីរវល់តែយកសុខតែម្នាក់ឯង រីឯប្រពន្ធកូន ទុក្ខកង្វល់រឿងគ្មានអ្វីហូប នៅឯស្រុក ។
បន្ទាប់ពីតាមទាន់ប្តីលួចសង្ងំមានស្រី ស្រែកឆោឡោ ឡាំប៉ា ធ្វើឱ្យភាគីខាងស្រីថ្មីរបស់ប្តី រត់គេចខ្លួនបាត់ ។


ដោយសារកើតមានបញ្ហាក្នុងគ្រួសារ ប្តីប្រពន្ធមួយគូខាងលើ នាំគ្នាទៅសាលាសង្កាត់ចោមចៅទី៣ ដើម្បីនិយាយគ្នា ដោយខាងប្រពន្ធទាមទារយកប្តីទៅស្រុកវិញ រីឯភាគីខាងប្តី ក្រោយពីសារភាព ខ្លួនពិតជាមានស្មីថ្មីពិតមែន ។
ក្រោយការសម្របសម្រួលពីមន្ត្រីសាលាសង្កាត់ អប់រំណែនាំ ជៀសវាងកើតមានហឹង្សាក្នុងគ្រួសារ រួចឱ្យអ្នកទាំង២ទៅស្រុក មានចាស់ទុំ ឪពុកម្តាយ និយាយគ្នា នៅភូមិឃុំ ដើម្បីឱ្យចេះស្រឡាញ់គ្នាវិញ ដោយគិតពីអានាគតកូនស្រី ៕
អត្ថបទ៖ តាតុងសែនជ័យ

