ភ្នំពេញ ៖ បុរសជាជាងកញ្ចក់ម្នាក់ បន្ទាប់ពីបងថ្លៃដាស់ហៅក្នុងបំណងឱ្យងើបរៀបចំទៅធ្វើការងារ ស្រាប់តែប្រទះឃើញស្លាប់បាត់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅបន្ទប់ជួលលេខ៩ ជាន់ទី២ ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ សាត តូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាងកញ្ចក់ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។ ជនរងគ្រោះ មានប្រពន្ធ និងកូន២នាក់ រស់នៅឯស្រុកកំណើត ។
តាមការបំភ្លែពីបុរសឈ្មោះ ញៀន កុសល អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់ ត្រូវជាបងថ្លៃ ស្នាក់នៅក្នុងបន្ទប់ជាមួយគ្នា២នាក់ប្អូនថ្លៃ(សព) មានស្រុកកំណើតភូមិឃុំជាមួយគ្នា បានឱ្យដឹងថា ជនរងគ្រោះបានជម្ងឺបេះដូង ដោយស្នាក់នៅបន្ទប់ជួល ២នាក់បងប្អូន ធ្វើការងារជាកម្មករសំណង់។

ប្រភពបន្តទៀតថា មុនកើតហេតុ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោយហូបបាយរួច ចូលដេកសម្រាកជាធម្មតា លុះដល់វេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ ភ្ញាក់ពីដំណេកហើយ តែប្អូនថ្ងៃមិនទាន់ឃើញភ្ញាក់ងើបទៀត នៅដេកគ្រលុំភួយជិត ក៏ទាញដាស់ហៅ ក្នុងបំណងឱ្យងើបរៀបចំខ្លួនទៅធ្វើការងារ ស្រាប់តែប្រទះឃើញស្លាប់រឹងស្តូក ទើបឆោឡោ ស្រែកហៅអ្នកជិតខាងឱ្យជួយ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ស្នងការក្រុងភ្នំពេញចុះទៅធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថាស្លាប់ដោយគាំងបេះដូង រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕
អត្ថបទ៖ តាតុងសែនជ័យ

