ភ្នំពេញ៖ បុរម្នាក់បានបាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកេីតហេតុ ក្រោយបេីកម៉ូតូទាក់ដៃចង្កូតគ្នា បណ្ដាលឱ្យដួលហេីយត្រូវរថយន្ដបេីកកិន នៅមុខព្រលានយន្ដហោះពោចិនតុង។ ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនកេីតហេតុគេឃេីញបុរសម្នាក់ ជិញម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BF-2923 ធ្វេីដំណេីរតាមបណ្ដយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចមកកេីត លុះធ្វេីដំណេីរមកដល់មុខព្រលានយន្ដហោះពោចិនតុង ក៏ទាក់ដៃចង្កូតគ្នា ជាមួយម៉ូតូឌ្រីមសង់មួយគ្រឿងទៀត ដែលធ្វេីដំណេីរស្របទិសគ្នា មិនចាំស្លាកលេខ បណ្ដាលឱ្យដួលបោកនឹងថ្នល់ ស្រាប់តែមានរថយន្ដលុចសុីស RX330 មិនចាំស្លាកលេខបេីកមកពីក្រោយ មកបុកពីក្រោយបន្ថែមទៀត រួចម៉ូតូនឹងរថយន្ដបានបេីកគេចខ្លួនចេញពីកន្លែងកេីតហេតុបាត់ស្រមោល ដោយបន្សល់ទុកតែជនរងគ្រោះនឹងម៉ូតូដេកដួលពេញផ្លូវ ខណៈនោះស្រាប់តែមានជនជាតិបរទេសម្នាក់ បេីករថយន្ដសេរីទំនេីប MERCEDES BENZ G350 ពណ៍ខ្មៅពាក់ស្លាកលេខកម្ពុជា YAN.6868 ធ្វេីដំណេីស្របទិសគ្នាមកកិនពីលេីជនរងគ្រោះ បណ្ដាលឱ្យបាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកេីតហេតុ។

សពជនរងគ្រោះមានឈ្មោះ ទូត ចន្ធូ ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណេីតឯខេត្តពោធិ៍សាត់។ ក្រោយពីកេីតហេតុក៏មានវត្តមានសមត្ថកិច្ចជំនាញនគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់កន្លែងកេីតហេតុ ធ្វេីការវ៉ាស់វែងរួចបានស្ទូចរថយន្ដនឹងម៉ូតូ យកទៅរក្សាទុកដេីម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ។ចំណែកសពជនរងគ្រោះ បានដឹកយកទៅដំកល់ទុក ដេីម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ត្រយងតូច

