
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទថា នឹងមិនឲ្យកម្ចីទៅគ្រួសារនៅជនបទផ្ទាល់ទៀតទេ ត្បិតកន្លងមកឥណទានទាំងនោះប្រឈមនឹងការសងត្រឡប់មិនទៀងទាត់ ដោយសារអ្នកខ្ចីមួយចំនួនប្រើប្រាស់ឥណទានមិនចំគោលដៅ និងមិនទទួលបានលទ្ធផលវិជ្ជមាន។ ជំនួសឲ្យការផ្ដល់ឥណទានទៅឲ្យគ្រួសារផ្ទាល់ ក្រសួងនឹងជំរុញឲ្យប្រជាពលរដ្ឋនៅតំបន់ជនបទចងក្រងគ្នាជាសហគមន៍ ជាមុនសិន ទើបផ្ដល់ឥណទានឲ្យពួកគាត់ក្នុងក្របខ័ណ្ឌជាសមាជិកសហគមន៍។ ធ្វើបែបនេះ ដើម្បីធានាបាននូវការសងត្រលប់មកវិញគ្រប់ចំនួន ទៀងទាត់ និងការប្រើប្រាស់ឥណទានចំគោលដៅ ប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍជីវភាពរបស់ពួកគាត់ឲ្យកាន់តែប្រសើរពីមួយកម្រិតទៅមួយក្រិត។
តាមការលើកឡើងរបស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងវេទិកាសារព័ត៌មាន កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤ បានឲ្យដឹងថា កន្លងមកក្រសួងបានបង្កើតឲ្យមានគម្រោងឥណទានពីរទម្រង់ គឺឥណទានជាសាច់ប្រាក់ និងឥណទានមិនមែនជាសាច់ប្រាក់ (សំដៅដល់ការឲ្យខ្ចីសត្វចិញ្ចឹមយកកូន ឬហៅសាមញ្ញម្យ៉ាងទៀតថា ប្រវាស់) ទៅឲ្យប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ដែលមានទំហំទុនប្រមាណជា ៥០ម៉ឺនដុល្លារ និងចាប់ផ្ដើមដំបូងនៅខេត្តកំពង់ចាម។ ដោយសង្កេតឃើញថា គម្រោងនេះមានសារប្រយោជន៍គួរឲ្យកត់សម្គាល់ក្នុងការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជនបទ ទើបក្រសួងពង្រីកវិសាលភាពទៅតំបន់ផ្សេងៗទៀត។ ពេលនោះហើយដែលបញ្ហាការសងត្រលប់មានភាពយឺតយ៉ាវ មិនទៀងទាត់ និងអ្នកខ្លះខកខានរាប់ច្រើនខែ ដោយសារគ្មានលទ្ធភាពសងត្រឡប់វិញ ហើយក្រសួងដែលជាម្ចាស់ឥណទាន ក៏ពុំមានគោលការណ៍កាត់កងយកទ្រព្យសម្បត្តិកូនបំណុលដែរ គឺមានតែបន្តជួយរកដំណោះស្រាយជូន ដែលជាហេតុនាំឲ្យបញ្ហាកាន់តែស្មុគស្មាញ។ ដូច្នេះក្រសួងក៏សម្រេចមិនផ្ដល់ឥណទានទៅឲ្យគ្រួសារផ្ទាល់ទៀតទេ ខណៈពេលដែលក្រសួងកំពុងជំរុញឲ្យប្រជាពលរដ្ឋជនបទ ចងក្រងគ្នាជាក្រុម ឬសហគមន៍សន្សំប្រាក់ ឬកសិកម្មជាដើម ដែលមានសមាជិកជាគ្រួសារសកម្ម មានមុខរបរ និងការងារជាប់លាប់ ហើយចង់ពង្រីកមុខរបរ ឬអាជីវកម្មរបស់ខ្លួនឲ្យកាន់តែធំ និងល្អប្រសើរ ដើម្បីអភិវឌ្ឍជីវភាពគ្រួសារនឹងសហគមន៍ ទើបអាចស្នើសុំឥណទានពីក្រសួងអភិវឌ្ឍន៍ជនបទបាន។
ដោយឡែកប្រជាពលរដ្ឋដែលមិនមានជំនាញ ឬមុខរបរនឹងធឹង ក្រសួងនឹងជំរុញឲ្យពួកគាត់ចូលរៀនសូត្រជំនាញតាមរយៈបង្កើតឲ្យមានកម្មវិធីបណ្ដុះបណ្ដាលផ្សេងក្នុងរយៈពេលសមស្របល្មមឲ្យពួកគាត់ធ្វើបាន៕
អត្ថបទ៖ ឈិន ធារ៉ាត់

