កណ្តាល ៖ បុរសម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីមបើកបុកជាមួយម៉ូតូកង់បីកំពុងបើកឆ្លងផ្លូវ កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KO- 2876 ធ្វើដំណើរលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលបុកគ្នាជាមួយម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KL-2830 បើកឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកអង្គស្នួលដឹកយកទៅ ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រងចាំដោះស្រាយពេលក្រោយ៕

អត្ថបទ៖ តាតតុងសែនជ័យ

Share.