បាត់ដំបង៖ មុខសញ្ញាដើរអុកឡុកបង្កការខ្លាច និងតែងតែកាប់ម៉ូតូរបស់អ្នកស្រុកចំនួន ៧នាក់ត្រូវសមត្ថកិច្ចក្របួចបញ្ជូនទៅតុលាការ។

នគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា: ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ៧នាក់ខាងលើបង្ក្រាបដោយកម្លាំងនគរបាលស្រុកថ្មគោល កម្លាំងផ្នែកជំនាញនគរបាលក្រុង រួមទាំងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការខេត្ត ក្រោយក្រុមជនបង្កធ្វើសកម្មភាពរួច នៅត្រង់ចំណុចក្រុមទី ១៣ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រុមក្មេងទំនើងដែលតែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនេះមានបក្សពួកសរុបចំនួន ១១នាក់ ប៉ុន្តែត្រូវជំនាញសហការគ្នាចុះឃាត់ខ្លួនបានត្រឹម ៧នាក់ប៉ុណ្ណោះ និងបន្តស្រាវជ្រាវនាំខ្លួនបន្ថែមទៀត។

នៅថ្ងៃកើតហេតុ ពេលដែលយុវជនជាជនរងគ្រោះកំពុងអង្គុយហូបបង្អែមនៅផ្ទះមិត្តភ័ក្ត្រ ស្រាប់តែក្រុមជនបង្កជិះម៉ូតូចំនួន ៣គ្រឿងចុះមកកាប់ម៉ូតូដែលឈប់ចតនៅមុខផ្ទះបណ្តាលឲ្យខូចខាតជាអន្លើ។

កម្លាំងបង្ក្រាបបានឲ្យដឹងបន្តថាក្រុមជនសង្ស័យបច្ចប្បន្នកំពុងឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល គ្រោងបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី ០៧ ខែមិថុនា នេះ៕

អត្ថបទ: ដំបងក្រញូង

Share.