កំពង់ចាម៖ ដើម្បីសម្រួលដល់ជីវភាពរស់នៅដល់ចាស់ជរា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ប្រធានគណៈកម្មាធិការសាខាខេត្ត និគណៈកម្មាធិការសាខាក្នុងខេត្ត បានចុះប្រគល់ផ្ទះបន្ទាប់ទី១៩ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ច សហការ រវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត សាលាគណខេត្ត និង ការផ្តល់ថវិកាបដិភាគពីក្រុមការងារចុះជួយឃុំអង្គរបាន ជូនដូនចាស់ជរាគ្មានទីពឹង ឈ្មោះ ប៊ុន សេងងួន អាយុ៧២ឆ្នាំ រស់នៅ ភូមិអង្គរបានទី ៧ ឃុំអង្គរបាន ស្រុកកងមាស ។

លោកយាយ ប៊ុន សេងងួន ជាចាស់ជរាទុរគត រស់ ហើយស្នាក់នៅក្រោមផ្ទះអ្នកជិតខាងយ៉ាងកំសត់តែ២នាក់ ចៅប្រុស ១នាក់ ដែលឪពុកម្តាយគេ បានធ្វើចំណាកស្រុកក្រៅខេត្ត ។ មិនត្រឹមតែគ្មានមុខរបរអ្វីចិញ្ចឹមជីវិតទេ តែដូនចាស់ម្នាក់នេះ មានទាំងជម្ងឺប្រចាំកាយថែមទៀត ។ សព្វថ្ងៃ រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ប័ណ្ណសមធម៌ ក្រ ២ និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាង ប៉ុណ្ណោះ ។ ដូនចាស់ជរាទុគត រូបនេះ មានដីជាកម្មសិទ្ធិទំហំ ១៣ម × ២២ ម ក្នុងភូមិអង្គរបានទី ៧ នេះ ។ ទោះជាយ៉ាងណាក្តី ដោយសារជីវភាពក្រខ្សត់ពេក ដូនចាស់ជរារូបនេះ ពុំមានលទ្ធភាពទាល់តែសោះ ក្នុងការសង់ផ្ទះស្នាក់នៅ បានឡើយ ។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង រួមជាមួយបង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត១២,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកងមាស និងសប្បុរសជនជាក្រុមការងារចុះជួយឃុំអង្គរបាន ជូនដូនចាស់ ប៊ន់ សេងងួន សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិ តទៅ ។
ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនដូនចាស់ជរា សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២ , សាប៊ូ ១៦ដុំ , សម្ភារផ្ទះបាយ និង ថវិកា ២០០,០០០រៀល ។

លោកតា លោកយាយ ដែលបានចូលរួម ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១៥នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ៕
អាចារ្យលាក់ ៨.៦.២០២៤
