កំពត ៖ បុរសម្នាក់បានស្លាប់ក្នុងសភាពរបួសច្រើនកន្លែង បន្ទាប់ពីកើតមានជម្លោះសម្តី រហូតដល់ប្រើប្រាស់ពូថៅទៅកាប់ជនសង្ស័យត្រូវចំមាត់ ធ្វើឱ្យជនសង្ស័យខឹងស្ទុះវឹងទៅចាប់ប្រតាយប្រតបដណ្តើមយកពូថៅបាន កាប់សងវិញជាច្រើនកន្លែង បណ្តាលឱ្យដេកដួលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅដីវាលមួយកន្លែងស្ថិតក្នុងភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងជនរងគ្រោះ ស្លាប់បាត់ជីវិតមានឈ្មោះ ឌឿង ផល ហៅស្បោង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិកើតហេតុ មានទីលំនៅដំណាក់ឈើក្រំ ឃុំស្នាយអញ្ជិត សនរុកជុំគីរី ខេត្តកំពត ។ ចំណែកភាគីខាងជនដៃដល់ មានឈ្មោះ អុឹម ទូច ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះនិងជនដៃដល់កើតមានទំនាស់សម្តី ឈានដល់ ជនរងគ្រោះទាញពូថៅទៅកាប់លើជនសង្ស័យ ត្រូវចំមាត់ ជាហេតុធ្វើឱ្យជនសង្ស័យកាន់តែផ្ទុះកំហឹង ខឹងស្ទុះចូលចាប់ប្រតាយប្រតប ចាប់យកបានពូថៅ កាប់តបតវិញជាច្រើនពូថៅ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ។

តាមការពិនិត្យជាក់ស្តែង ជនរងគ្រោះរបួស ដើមដៃស្តាំ ដើមដោះខាងស្តាំ ដើមទ្រូងខាងឆ្វេង ស្វាខាងឆ្វេង ក្បាល ស្លឹកត្រចៀកខាងស្តាំ ។ ហេតុការណ៍ខាងលើកើតឡើង ត្រូវបានសមត្ថកិច្ចចុះទៅ ឃាត់ខ្លួនជនដៃដល់នាំយកទៅសាកសួរនៅអធិការស្រុកជុំគីរី ចាត់ការតាមនីតិវិធី ។ រីឯសាកសព ត្រូវបានសមត្ថកិច្ចពិនិត្យកោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

