ភ្នំពេញ ៖ បុរសម្នាក់ និងស្ត្រីម្នាក់ រងរបួសធ្ងន់ បាក់ដៃស្តាំទាំង២នាក់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាវ៉េវ ជិះបុកគ្នាជាមួយម៉ូតូហុងដាឌ្រីម កំពុងជិះឆ្លងផ្លូវ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ចំណុចភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-2857 ជិះដោយឈ្មោះ ម៉ា លីន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួលភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិសែនភាស ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ រងរបួសបាក់ឆ្អឹងដងកាំបិតខាងស្តាំ ។

ភាគីខាងម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-2061 ជិះដោយឈ្មោះ ម៉ូញ រស្មី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ បុគ្គលិករថយន្តក្រុង របស់សាលារាជធានីភ្នំពេញ មានទីលំនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានស្រុកកំណើតភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់កដៃខាងស្តាំ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូវ៉េវ ជិះដោយស្ត្រីរងគ្រោះ ធ្វើដំណើរពីលិចទៅកើត ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ជ្រុលបុកគ្នាជាមួយ ភាគីម៉ូតូហុងដាឌ្រីម ជិះពីកើតទៅលិច ឆ្លងផ្លូវទៅគន្លងខាងត្បូង បណ្តាលឱ្យដួលរងរបួសធ្ងន់បាក់ដៃទាំង២នាក់ ។

ក្រោយកើតហេតុ បុរសរងគ្រោះម្នាក់ត្រូវបាន អ្នករួមការងារដឹកតាមម៉ូតូយកទៅពេទ្យដោយខ្លួនឯង ចំណែកស្ត្រីរងគ្រោះម្នាក់ត្រូវបានក្រុមគ្រួសារហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ រីឯម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.