ភ្នំពេញ ៖ រថយន្តកាមរីហាយប្រីតមួយគ្រឿង បើកលឿនចុះពីលើស្ពានព្រែកព្នៅ ម្យ៉ាងទីងងឹតផង ហ្វ្រាំង គេចមិនទាន់ ជ្រុលទៅបុកខឿនរង្វង់មូល ក្រឡាប់ផ្ងារជើង រងខូចខាតខ្ទេចរថយន្ត របួសអ្នកបើកបរ កាលពីវេលាម៉ោង១២រំលងអធ្រាត្រចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះ ឈ្នះ ចំណុចរង្វង់មូលគល់ស្ពានព្រែកព្នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តជួបគ្រោះថ្នាក់ ម៉ាកកាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-7362 បើកបរដោយបុរសម្នាក់។ តាមប្រជាពលរដ្ឋបានលើកឡើងថា ចំណុចកំណាត់ផ្លូវខាងលើ ដាច់ភ្លើងបំភ្លឺផ្លូវច្រើនថ្ងៃមកហើយ ធ្វើឱ្យកំណាត់ដងផ្លូវ ក្លាយជាទីងងឹត រាល់ការបើកបរឆ្លងកាត់ទាល់តែប្រុងប្រយ័ត្ន ពុំនោះទេប្រឈមគ្រោះថ្នាក់។

ប្រភពបន្តទៀតថា មុនកើតហេតុ រថយន្តកាមរីមួយគ្រឿងខាងលើ បើកចុះពីលើស្ពានព្រែកព្នៅ ពីលិចទៅកើត ល្បឿនលឿនផង អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ហើយកំណាត់ផ្លូវងងឹតដោយដាច់ភ្លើងផង វ៉ាក់អើ ហ្វ្រាំង គេចមិនទាន់ ជ្រុលបុកខឿនរង្វង់មូល ក្រឡាប់ផ្ងារជើង រងខូចខាតធ្ងន់ អ្នកបើកបររងរបួសជើង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្ត សមត្ថកិច្ចស្ទូចលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រង់ចាំដោះស្រាយផលប៉ះពាល់ជាក្រោយ៕
អត្ថបទ៖ តាតុងសែនជ័យ

