ភ្នំពេញ៖ នារីម្នាក់ចេញពីធ្វើការរោងចក្រមិនស្រួលខ្លួន ឱ្យឪពុកយកម៉ូតូឌុបជូនទៅពេទ្យ ខណៈកំពុងធ្វើដំណើរតាមផ្លូវមិនទាន់ដល់ពេទ្យផងស្រាប់តែមានរថយន្តcameryបើកក្នុងល្បឿនលឿនជ្រុលបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យនារីអង្គុយខាងក្រោយរងរបួសធ្ងន់ត្រូវបានរថយន្តមន្ទីពេទ្យបង្អែកដង្កោ ដឹកយកទៅជួយសង្គ្រោះ កាលវេលាម៉ោង៧នឹង៣០នាទីយប់ថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អ្នកបើកបររថយន្តបង្កឈ្មោះ វង្ស វរិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្រី្តរាជការ មានទីលំនៅស្ថិតនៅស្នាកនៅផ្ទះលេខ 18AE ផ្លូវ១២ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ពុំមានរងរបួស ឃាត់ខ្លួនប្រគល់ឱ្យទៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ) ។
អ្នកបើកបរម៉ូតូមានឈ្មោះ ពៅ រស្មី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសស្រាល ពុំពាក់មួកសុវត្ថិភាព)។ ៣ អ្នករួមដំណើរជិះម៉ូតូមានឈ្មោះ ពៅ រាជនី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មការិនី មានទីលំនៅភូមិប្រការ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសធ្ងន់កំពង់សង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត មិនពាក់មួកសុវត្ថិភាព)

តាមប្រភពព័ត៌មានអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1sx-0340ឌុបនារីរងគ្រោះជាកូននៅខាងក្រោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទួលពង្រទិសដៅពីរត្បូងទៅជើងខណៈមកដល់ត្រង់ចំណុចកើតហេតុមានរថយន្តcameryពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2AE-4341ធ្វើដំណើរស្របទិសដៅគ្នាមកពីក្រោយបើកក្នុងល្បឿនលឿនដោយមិនបានបើកភ្លើងបំភ្លឺផ្លូវនោះទេក៏ជ្រុលបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យនារីរងគ្រោះសន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកដង្កោដឹកយកទៅជួយសង្រ្គោះ ចំណែកឪពុករបួសស្រាល រីឯម៉ូតូខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការបាញ់ថ្នាំយកម៉ូតូនិងរថយន្តដាក់អែបខាងប្រគល់ឲ្យជំនាញពស់វែងយកទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ ចំណែកអ្នកបើកបររថយន្តបង្កត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅប៉ុស្ដិ៍ព្រៃសដើម្បីសាកសួររងចាំប្រគល់អោយជំនាញចាត់ការបន្តតានិតិវិធី៕
អត្ថបទ៖ សេង សាវី

