សៀមរាប ៖ បុរសម្នាក់រងរបួសធ្ងន់ សន្លប់ស្តូកស្តឹង បន្ទាប់ពីជិះម៉ូតូស្កុបពីលឿនជ្រុលហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយរថយន្តLexus RX300 កំពុងបើកឆ្លងផ្លូវ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ តាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្រសៀមរាប ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុភាគីរថយន្តLexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-6519 ជារថយន្តតាក់សុី បានដឹកភ្ញៀវចេញពីសណ្ឋាគារមួយក្បែរកន្លែងកើតហេតុ ឆ្លងផ្លូវបត់ទៅកើត ស្រាប់តែភាគីខាងម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1AL-6675 ជិះដោយបុរសរងគ្រោះ ពីលិចទៅកើត ល្បឿនលឿន ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយតែម្តង បណ្តាលឱ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងសៀមរាប រង់ចាំដោះស្រាយនៅពេលក្រោយ ៕
អត្ថបទ៖ តាតុងសែនជ័យ

