រាជរដ្ឋាភិបាលសម្រេចបង្កើតលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីសម្របសម្រួលដល់មន្ត្រីរាជរដ្ឋាភិបាលគ្រប់ក្រសួងស្ថាប័ន ក្នុងការចុះទៅបំពេញការងារតាមមូលដ្ឋាន និងទទួលរាល់សំណើពីប្រជាពលរដ្ឋ ដើម្បីបញ្ជូនឲ្យដល់ក្រសួងស្ថាប័នដែលមានតួនាទីពាក់ព័ន្ធ។
អនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ហៅកាត់ថា លេខាធិការដ្ឋាន ក.រ.ម មានតួនាទីសម្របសម្រួលសកម្មភាពនានារបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ព្រមទាំងការដោះស្រាយបញ្ហាប្រឈម សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។






