សៀមរាប ៖ ភ្លើងឆេះព្រៃលិចទឹកប្រមាណ១០ហិកតា តាំងពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចត្រពាំងហុីងយំ ស្ថិតនៅក្នុងភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មកដល់រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ភ្លើងនៅបន្តឆេះ ។

ករណីភ្លើងឆេះព្រៃខាងលើ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះពន្លត់ អគ្គិភ័យ ដោយប្រើប្រាស់ រថយន្តពន្លត់អគិ្គភ័យ សរុបចំនួន៤គ្រឿង គ្រឿងចក្រ និងមានការចូលរួមសហការ ពីបងប្អូនប្រជាពលរដ្ឋផងដែរ សរុបជាង៤០០នាក់ ។

ករណីភ្លើងឆេះព្រៃលិចទឹកក្នុងតំបន់កំពង់ភ្លុក ប្រមាណ១០ហិកតា ត្រូវបានកម្លាំងចម្រុះសហការគ្នាពន្លត់ភ្លើង មូលហេតុដោយសារពលរដ្ឋចូលដុតព្រៃរកឃ្មុំខ្វះការប្រុងប្រយ័ត្ន ។

មកដល់រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ភ្លើងឆេះព្រៃលិចទឹកក្នុងតំបន់៣ ក្នុងឃុំកំពុងភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបន្តឆេះឡើងវិញ ព្រោះព្រៃក្រាស់គ្មានផ្លូវចូល ធ្វើឱ្យពិបាកយករថយន្តពន្លត់អគ្គិភ័យចូលបាញ់ ។

អាជ្ញាធរបានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅពេលចូលព្រៃរកឃ្មុំ ឬធ្វើអ្វីមួយ សូមពន្លត់ភ្លើងឲ្យរលត់អស់មុននឹងចេញពីព្រៃ ឬនៅតំបន់ជិតនោះ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.