បាត់ដំបង: ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង ប្តូរពណ៌ពីសថ្លា មកជាពណ៌ប៉ៃតងល្អក់ខ្លាំង ពលរដ្ឋបារម្ភពីការប្រើប្រាស់ប៉ះពាល់ដល់សុខភាព។

យោងតាមម្ចាស់អាខោនហ្វេសប៊ុកមួយដែលមានឈ្មោះ Chhay Neng បានបង្ហោះនៅរសៀល ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៤ បានបញ្ជាក់ថា÷ នៅត្រង់ចំណុចភូមិគីឡូ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ទឹកក្នុងសង្កែមានសភាពផ្លាស់ប្តូរពណ៌ខុសពីធម្មតា សំណូមពរសុំឲ្យមន្ត្រីមន្ទីរ និងក្រសួងជួយពិនិត្យមើលផង។

ទន្ទឹមនឹងការលើកឡើងក្នុងបណ្តាញសង្គមរបស់ម្ចាស់អាខោនខាងលើ ប្រភពផ្សេងទៀតក៏បានចញ្ចេញមតិជាសាធារណ:នៅថ្ងៃទី ១២ ខែមិថុនានេះថា÷ តាមព័ត៌មានបឋមដែលលេចឮថា អាចបណ្តាលមកពីសារធាតុទឹកកខ្វក់ពីរោងចក្រ អ៊ិន ដាស្ទៀលហ្វីនិក មានទីតាំងឋិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតន:មណ្ឌល ហូរចូលក្នុងស្ទឹងទើបមានរឿងបែបនេះ។

បញ្ហាទឹកមកពីប្រភពនានាហូរចូលក្នុងស្ទឹងបណ្តាលឲ្យទឹកល្អក់កករនេះតែងតែកើតមានឡើងជាដដែលៗ ដូចនេះការប៉ះពាល់ដល់បរិស្ថាន ជីវិតមច្ឆជាតិ ឬក៏ការប្រើប្រាស់ទឹកស្ទឹងរបស់ប្រជាពលរដ្ឋក៏តែងតែជួបការគ្រោះថ្នាក់ដដែលដូចគ្នាដែរ៕

អត្ថបទ: ដំបងក្រញូង

