ភ្នំពេញ៖ ផ្ទះល្វែងមួយខ្នងស្ថិតក្នុងបុរីមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ត្រូវអគ្គិភ័យលេបត្របាក់ស្ទេីរតែអស់ទាំងស្រុង ដោយសារតែឆ្លងចរន្តអគ្គិសនីបង្ករអគ្គីភ័យឆាបឆេះឡេីងតែម្ដង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ បើតាមប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថា ខ្លួននិងក្រុមគ្រួសារកំពុងតែសម្រាកក្នុងផ្ទះដូចសព្វមួយដង ស្រាប់តែឮសូរសំឡេងផ្ទុះ ក៏ស្ទុះស្ទាចេញមកក្រៅមើលនៅផ្ទះម្ខាងទៀតដែលជាប់គ្នា ស្រាប់តែឃើញបែកផ្កាភ្លើងផ្ទុះឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង ជួយយកទុយោទឹកមកបាញ់ពន្លត់ និងបានរាយការណ៍ជូនសមត្ថកិច្ចជំនាញនគរបាល ចុះមកអន្តរាគមន៍ភ្លាមៗ។






បើតាមប្រភពពីសមត្ថកិច្ចដែលចូលរួមប្រតិបត្តិការក្នុងហេតុការណ៍នេះបានឲ្យដឹងថា សមត្ថកិច្ចបានប្រើប្រាស់រថយន្ត អស់ជាច្រើនគ្រឿង មកពីច្រើនស្ថាប័នសហការគ្នាបាញ់ពន្លត់ ទើបអាចគ្រប់គ្រងបានស្ថានការទាំស្រុង សមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា អគ្គីភ័យឆាបឆេះឡើងបង្កដោយការឆ្លងចរន្តអគ្គិសនី ទេីបបែកផ្កាភ្លេីងបង្កជាអគ្គិភ័យឆាបឆេះឡើងតែម្តង ហើយអគ្គិភ័យនេះបានលេបត្របាក់អស់ផ្ទះមួយល្វែង ផ្នែកខាងក្នុងស្ទើរទាំងស្រុង រួមជាមួយរថយន្តម៉ាកសឺដេសមួយគ្រឿងបម៉ូតូម៉ាក BMW មួយគ្រឿង និងម៉ូតូតូចចំនួនបីគ្រឿង ហើយហេតុការណ៍នេះមិនបង្កឲ្យមានអ្នករងរបួសនោះទេ៕
អត្ថបទ៖ ត្រយងតូច

