ភ្នំពេញ ៖ រថយន្តកូរ៉េទ្រុងមួយគ្រឿង បើកបរលឿនហ្វ្រាំងមិនជាប់ ជ្រុលបុកពីក្រោយរថយន្តបែនដឹកដី កំពុងឈប់ស្តុប ខ្ទេចរួញកាប៊ីន កៀបរងរបួសបាក់ជើង២នាក់ប្តីប្រពន្ធ កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ចំណុចភ្លើងស្តុប ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េទ្រុង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ឃ 1344 ភព3 ជារថយន្តរបស់ឡឥដ្ឋ បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ ពីលិចទៅកើត លឿន ហ្វ្រាំងមិនជាប់ ជ្រុលបុកពីក្រោយរថយន្តបែនដឹកដី ម៉ាកហុីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-0304 កំពុងឈប់ស្តុប បណ្តាលឱ្យរថយន្តកូរ៉េ ខ្ទេចរួញកាប៊ីន កៀបជាប់២នាក់ប្តីប្រពន្ធ របួសបាក់ជើង ។

ក្រោយកើតហេតុ ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយគាស់យកចេញក្រៅ ហើយត្រូវបានរថន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកព្រែកព្នៅ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្នុងស្ថានភាពរបួសបាក់ជើងទាំង២នាក់ប្តីប្រពន្ធ ។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ÷តាតុងសែនជ័យ

