ភ្នំពេញ ៖ យុវតីសិស្សសាលា២នាក់ ជិះម៉ូតូហុងដាឌ្រីមឌុបគ្នាលឿនជ្រុលទៅបុកពីក្រោយរថយន្តFord មួយគ្រឿង ខ្ទាតទៅបុករថយន្តPrius កំពុងបើកច្រាសទិស បណ្តាលឱ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៤និង០៥នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅមុខផ្សារអុីអន២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យុវតីម្នាក់បានស្លាប់ ឈ្មោះ អ៊ួន ចាន់ត្តី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៧ អនុវិទ្យាល័យ ទួលសុវណ្ណរាម មានទីលំនៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។ ចំណែកយុវតីម្នាក់ទៀតរងរបួសធ្ងន់ ឈ្មោះ រតនា សុគន្ធលីហ្សា អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ជាមួយគ្នា មានទីលំនៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ យុវតីរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX-7610 ឌុបគ្នាលឿនពីត្បូងទៅជើង ដល់ចំណុចកើតហេតុជ្រុលបុកពីក្រោយរថយន្តFord មួយគ្រឿង បើកស្របទិស ហើយខ្ទាតរេទៅបុកពីមុខរថយន្តPrius ពណ៌ប្រផេះ ពាក់ស្លាកលេខ បាត់ដំបង 2C-3641 កំពុងបើកពីជើងទៅត្បូងច្រាសទិសគ្នា បណ្តាលឱ្យស្លាប់យុវតីម្នាក់ជាអ្នកបើកម៉ូតូ ចំណែកអ្នករួមដំណើររងរបួសធ្ងន់ រថយន្តFord មិនបានឈប់បើកទៅបាត់ រីឯអ្នកបើកបររថយន្តPrius បានគេចខ្លួនបាត់ដែរ ។

ក្រោយកើតហេតុ ជនរងរបួសម្នាក់ត្រូវបាន រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកសែនសុខ ដឹកបញ្ជូនទៅមន្ទីរពេទ្យកុមាជាតិ ចំណែកសពយុវតីម្នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកមធ្យោបាយ រថយន្តមួយគ្រឿងនិងម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ÷តាតុងសែនជ័យ

