កំពង់ធំ៖ ត្រាក់ទ័រ១គ្រឿង និងមនុស្សម្នាក់ ត្រូវបានក្រុមការងារបញ្ជាការស្រាលស្រុកតាំងគោក ធ្វើឃាត់និងចាប់បញ្ជូនមកខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ នៅថ្ងៃទី១៣ មិថុនា ២០២៤ បន្ទាប់ពីក្រុមការងារបានធ្វើការឃាត់ចាប់ នៅតំបន់កោះរះ ភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ ខណ:ត្រាក់ទ័រខាងលើនេះកំពុងលួចធ្វើសកម្មភាពភ្ជួរដីតំបន់៣ មិនទាន់កាត់ឆ្វៀល នៅចំណុចតាចេក ភូមិសាស្ត្រឃុំស្រឡៅ ក្នុងយាមការ(48p4875571359114) ។

យោងតាមការបញ្ជាក់របស់បញ្ជាការស្រាលបានឲ្យដឹងថា ក្រុមការងារបានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ ស្រាប់តែប្រទះឃើញ ត្រាក់ទ័រម៉ាកគូបូតា ព៌ណក្រហម១គ្រឿងកំពុងភ្ជួរដីនៅចំណុចតាចេក ដែលជាដីស្ថិតក្នុងតំបន់៣ មិនទាន់កាត់ឆ្វៀលនៅឡើយ ។

តាមការពិនិត្យជាក់ស្ដែង គឺត្រាក់ទ័រនេះបានធ្វើសកម្មភាពលួចភ្ជួរបានដីទំហំ១០ហិតា ធ្វើឲ្យខួចខាតដើមខ្ទុំ៤៥ដើម ។

វត្ថុតាងត្រាក់ទ័រ១គ្រឿង និងអ្នកបើកបរឈ្មោះភួង ចាន់ធា ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវបានធ្វើការប្រគល់ឲ្យ លោក កែវ សុខឃឿន មន្ត្រីសង្កាត់ជលផលបារាយណ៍ ដើម្បីចាត់ការបន្ត ។

ជុំវិញករណីខាងលើនេះ ប្រភពពីខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ មិថុនា នេះវត្ថុតាងនិងជនសង្ស័យត្រូវបានជំនាញ កសាងសំណុំរឿងទៅតុលាការហើយ។ ប៉ុន្តែដោយឡែកជុំករណីនេះដែ មិនត្រូវបានប្រភពព៍ត៌មានណា បញ្ជាក់ថា ម្ចាស់ត្រាក់ទ័រនេះសុីឈ្នួលភ្ជួរឲ្យអ្នកណាជាម្ចាស់ដី នៅពីក្រោយការលួចភ្ជួរនេះ គេមិនដឹងថា តើអ្នកនៅពីក្រោយការលួចភ្ជួរដីតំបន់ហាមឃាត់នេះ មានតួរនាទី ឋាន: ជាអ្វី បានជាហ៊ានបំពានមិនញញឺតបែបនេះ។

គួររម្លឹកថា កាលពីថ្ងៃទី១៦ ឧសភា២០២៤ មានករណី គ្រឿងចក្រ១គ្រឿង លួចឈួសឆាយភ្ជួរដីនៅតំបន់កោះរះ ភូមិសាស្ត្រខាងលើដដែលនេះត្រូវ គេដោះលែងទៅវិញ បន្ទាប់ពីម្ចាស់គ្រឿងចក្រខាងលើនោះបញ្ជាក់ថា បានចំណាយលុយ4000$ជាថ្នូនិងការដោះដូរយកគ្រឿងចក្រ១គ្រឿងវិញ ។

អត្ថបទ៖កំពង់ធំ

Share.