ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ចំណែកមនុស្ស២នាក់ប្តីប្រពន្ធទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីម ជិះឌុបគ្នា២នាក់ បុកជាមួយម៉ូតូស្មាស់ កំពុងជិះឆ្លងផ្លូវ កាលពីវេលាម៉ោង៧និង៣៥នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ភាគីខាងម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HO-1909 ជិះដោយឈ្មោះ សាន កាន់ ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅផ្ទះលេខ៥១ ផ្លូវជាតិលេខ៣ ភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រងរបួសធ្ងន់ ។ ចំណែកភាគីខាងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1S-2437 ជិះគ្នា២នាក់ប្តីប្រពន្ធ រងរបួសស្រាល ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូស្មាស់ឆ្លងផ្លូវពីលិចទៅកើត ជិតផុតទៅហើយ ស្រាប់តែ ម៉ូតូហុងដាឌ្រីម ឌុបគ្នា២នាក់ប្រីប្រពន្ធជិះពីត្បូងទៅជើង ជ្រុលបុក បណ្តាលឱ្យ ខាងម៉ូតូស្មាស់រងរបួសធ្ងន់ ចំណែក២នាក់ប្តីប្រពន្ធរងរបួសស្រាល ។

ក្រោយកើតហឹតុជនរងរបួសធ្ងន់ត្រួវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែក២នាក់ប្តីប្រពន្ធទៅពេទ្យដោយខ្លួនឯង ។ រីឯមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.