ភ្នំពេញ ៖ ម៉ូតូកង់បីមួយគ្រឿង បត់ឆ្លងផ្លូវមិនប្រុងប្រយ័ត្ន ត្រូវបានរថយន្តសេរីទំនើបEscalade មួយគ្រឿងបើកលឿនហ្វ្រាំងមិនទាន់បុកក្រឡាប់ ហើយទៅប៉ះម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង៣និង០៥នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងរបួសធ្ងន់ម្នាក់ ឈ្មោះ ផៃ សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិស្វាយលិច ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រងរបួសបាក់ជើងឆ្វេង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុម៉ូតូកង់បី ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1AC-1276 បើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុបត់ឆ្វេងឆ្លងផ្លូវ កាត់ពីមុខរថយន្ត ធ្វើឱ្យរថយន្តសេរីទំនើបEscalade ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា L5201314 បើកពីជើងទៅត្បូងលឿន ហ្វ្រាំងមិនទាន់បុកក្រឡាប់កង់បី រងរបួសធ្ងន់ ហើយទៅប៉ះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1S-0847 មួយគ្រឿងទៀតកំពុងជិះពីជើងទៅត្បូង រងរបួសស្រាល ។

ក្រោយកើតហេតុជនរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកជនរងរបួសស្រាល ត្រូវបានក្រុមគ្រួសារយកទៅពេទ្យដោយខ្លួនឯង ។ រីឯមធ្យោបាយ រថយន្ត១គ្រឿង ម៉ូតូងកង់បី១គ្រឿង និងម៉ូតូហុងដាឌ្រីម១គ្រឿង ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.