ក្រុមបាល់ទាត់តោកំណាចអង់គ្លេស ក្រោមការដឹកនាំរបស់លោក Gareth Southgate បានយកឈ្នះស៊ែប៊ី ក្នុងលទ្ធផល ១-០ កាលពីយប់ថ្ងៃទី១៦ ឈានចូលព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឡើងទៅឈរកំពូលពូល C បណ្តោះអាសន្ន នៃព្រឹត្តិការណ៍ UEFA Euro 2024។

១គ្រាប់ជ័យជម្នះរបស់ក្រុមជម្រើសជាតិអង់គ្លេស ស៊ុតបញ្ចូលទីដោយខ្សែបម្រើឆ្នើមវ័យក្មេង Jude Bellingham សមាជិក Real Madrid នៅនាទីទី១៣’ ដែលបញ្ជូនដោយ Bukayo Saka សមាជិក Arsenal ខណ:អ្នកចាំទី Jordan Pickford រក្សាសំណាញ់ទី Clean Sheet។
តារាងចំណាត់ថ្នាក់ពូល C បណ្តោះអាសន្ន៖
- អង់គ្លេស ១ប្រកួត ឈ្នះ១ មាន៣ពិន្ទុ
- ដាណឺម៉ាក ១ប្រកួត ស្មើ១ មាន១ពិន្ទុ
- ស្លូវេនី ១ប្រកួត ស្មើ១ មាន១ពិន្ទុ
- ស៊ែប៊ី ១ប្រកួត ចាញ់១ មានសូន្យពិន្ទុ។

គួរដឹងថាពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ដំណើរការប្រកួតពីនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយប្រើប្រាស់កីឡដ្ឋានចំនួន ១០ នៅក្នុងទីក្រុងចំនួន ១០ ផ្សេងគ្នា សរុបចំនួន ៥១ ប្រកួតរបស់ក្រុមដែលចូលរួមទាំង ២៤។
ក្រុមទាំង២៤ ដែលត្រូវប្រកួតប្រជែងគ្នាដណ្តើមពានរង្វាន់ Euro 2024 ទាំង៦ពូល៖
ពូល A៖ អាល្លឺម៉ង់ ស្កុតឡេន ហុងគ្រី និងស្វ៊ីស
ពូល B៖ អេស្ប៉ាញ ក្រូអាត អ៊ីតាលី និងអាល់បានី
ពូល C៖ ស្លូវេនី ដាណឺម៉ាក ស៊ែប៊ី និងអង់គ្លេស
ពូល D៖ ប៉ូឡូញ ហូឡង់ អូទ្រីស និងបារាំង
ពួល E៖ បែលហ្ស៊ិក ស្លូវាគី រូម៉ានី និងអ៊ុយក្រែន
ពូល F៖ តួកគី ហ៊្សកហ្ស៊ី ព័រទុយហ្កាល់ និងឆែក។
គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕


