កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម រួមសហការជាមួយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងធំ ក្នុងស្រុកចំនួនបី ខេត្តកំពង់ចាម។

ដោយមានការអនុញ្ញាតពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំងចំរុះ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ចំនួន២ករណី ក្នុងភូមិសាស្រ្តបឹងធំ ដែលស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ដោយរឹបអូសវត្ថុតាងបានមួយចំនួនធំ ។

នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម លោក អ៊ុក ណារិន បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផល បានចំនួនពីរករណីនេះដែរ កម្លាំងជំនាញបានរុះរើបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន ឧបករណ៍សម្រាស់ចំនួន ១៨កន្លែង រឹបអូសបាន លូឧបករណ៍លូស្បៃមុងសរុបចំនួន ១០មាត់, របាំងស្បៃមុងសរុបប្រវែង ៥០០ម៉ែត្រ និងបង្គោលចម្រឹងសរុបចំនួន ២៥០ដើម ។

ទន្ទឹមនឹងនេះដែរ លោក អ៊ុក ណារិន រួមនឹងក្រុមការងារ បានបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការរាយការណ៍ បង្ក្រាប និងចូលរួមសហការទប់ស្កាត់ការនេសាទខុសច្បាប់ ដេីម្បីរក្សាពូជត្រីបានច្រេីន ៕
អត្ថបទ៖ អាចារ្យលាក់

