ក្រុមបាល់ទាត់ហ្វូតសាលជម្រើសជាតិថៃ បានយកឈ្នះលើក្រុមអូម៉ង់ ៧-០ ក្នុងពានរង្វាន់ថ្មីមួយទៀតដែលសហព័ន្ធកីឡាបាល់ទាត់ថៃ បង្កើតឡើងដើម្បីឱ្យក្រុមជម្រើសជាតិហ្វូតសាលរបស់ខ្លួនកម្ដៅសាច់ដុំ មុនចេញទៅប្រកួតពានរង្វាន់ FIFA Futsal World Cup នៅប្រទេសលីទុយអានី។

ពានរង្វាន់បាល់ទាត់ថ្មីមួយនេះឈ្មោះថា SAT International Futsal Championship Thailand 2021 ពីថ្ងៃទី២ ដល់ទី៦ ខែ កញ្ញា ឆ្នាំ២០២១ ដោយមានក្រុមម្ចាស់ផ្ទះថៃ អូម៉ង់ ឈីលី និង All Star (ជម្រើសកីឡាករល្អៗក្នុងលីគហ្វូតសាលថៃ)។
ថ្មីៗនេះថៃ បានបង្កើតពានរង្វាន់ហ្វូតសាលអន្តរជាតិឈ្មោះថា Continental Futsal Championship មានក្រុមចូលរួម៨ក្រុម ដោយប្រកួតពីថ្ងៃទី២៥ ដល់៣០ ខែកក្កដា ឆ្នាំ២០២១ ខណៈជើងឯកបានទៅក្រុមអ៊ីរ៉ង់ ហើយម្ចាស់ផ្ទះបានត្រឹមជើងឯករង៕

