បាត់ដំបង÷ រថយន្តកូរ៉ូឡា ឆ្នាំ ១៩៩៤របស់អ្នកទេសចមួយគ្រឿងជិះឡើងលើភ្នំសំពៅមានបញ្ហាម៉ាស៊ីនរអិលធ្លាក់ក្រឡាប់ច្រើនត្រឡប់ នាំឲ្យភ្ញៀវក្នុងរថយន្តរងរបួសធ្ងន់ និងស្រាល ៤នាក់។
ប្រភពពលរដ្ឋឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា÷ គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាអំឡុងម៉ោងជាង ០២:០០នាទីរសៀល ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ នៅចំណុចផ្លូវកោងឡើងចំណោតចង្កេះភ្នំសំពៅ ស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា÷ មុនពេលហេតុការណ៍កើតឡើងគេឃើញរថយន្តម៉ាកកូរ៉ូឡា ពណ៌ឈាមជ្រូកមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ២C-១៦១៨ បើកបរដោយឈ្មោះហ៊ឹម ចន្ទ័កុមារ ភេទប្រុស អាយុ ៥០ឆ្នាំ និងអ្នករួមដំណើរប្រពន្ធឈ្មោះចេក សុគន្ធី អាយុ ៥៣ឆ្នាំ ព្រមទាំងកូនប្រុសស្រីចំនួន ២នាក់ទៀត ទាំងអស់គ្នាមានទីលំនៅក្នុងភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃកើតហេតុបានបើកបររថយន្តឡើងលើភ្នំសំពៅ ដល់ចំណុចផ្លូវកោងចៃដន្យក៏រលត់ម៉ាស៊ីន ភ្លាមៗរថយន្តបានរអិលថយក្រោយយ៉ាងគំហុកទៅប៉ះជាមួយនឹងរថយន្តមួយគ្រឿងផ្សេងទៀត រួចក៏ជ្រុល ល្បឿនក្រឡាប់ជាច្រើនត្រឡប់ផ្ងារជើងបណ្តាលមនុស្សនៅក្នុងរថយន្តរងរបួសធ្ងន់ និងស្រាលចំនួន ៤នាក់ និងបានខូចខាតរថយន្តយ៉ាងដំណំ។

បច្ចុប្បន្នជនរងគ្រោះទាំងអស់កំពុងឋិតក្នុងការសង្គ្រោះព្យាបាលនៅមន្ទីតពេទ្យ ដោយបុរសជាប្ដីរបួសបែកម្រាមដៃម្ខាង ចំណែកប្រពន្ធរបួសបែកក្បាល និងបែកម្រាមដៃដែរ រីឯកូនៗទាំងពីររួចផុតពីគ្រោះថ្នាក់នេះ៕

អត្ថបទ: ដំបងក្រញូង

