ព្រះសីហនុ៖ បុរសចំណាស់ម្នាក់ជាសន្តិសុខឯកជនមួយ ត្រូវបានប្អូនបង្កើត ចាក់សម្លាប់ កាលពីវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី ១៩ ខែមិថុនាឆ្នាំ២០២៤ ត្រង់ចំណុចមុខបន្ទប់ជួលមួយកន្លែង ស្ថិតភូមិ១ សង្កាត់១ ក្រុង/ព្រះសីហនុ។

តាមរបាយការណ៍បឋមពីសមត្ថីបានដែលដឹងថា ជនសង្ស័យមានឈ្មោះ ប៉ុន ភារម្យ ភេទប្រុស អាយុ៤១ឆ្នាំ (ប្អូនសាកសព) ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុក្រុមទី១៣ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ បានយកកាំបិតចិតបន្លែចុងស្រួច ដងជ័រពណ៌លឿង ចាក់ទៅលើបងប្រុសបង្កើតខ្លួនឯង ឈ្មោះ ប៉ុន ភារិទ្ធ អាយុ៤៣ឆ្នាំ មុខរបរសន្តិសុខឯកជន បច្ចុប្បន្នស្នាក់នៅបន្ទប់ក្បែរគ្នា ត្រូវក្រោមក្លៀកខាងស្តាំ០១កាំបិត ,ដើមដៃស្តាំ០១កាំបិត បណ្តាលឪ្យស្លាប់នៅនឹងកន្លែង ។

ក្រោយឃាត់ខ្លួនជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតចិតបន្លែ ចុងស្រួចចេញពីបន្ទប់របស់ខ្លួនមកចាក់បងប្រុសបង្កើតពិតប្រាកដមែន ដោយសារគាត់បានយកកាំបិតផ្គាក់មករកកាប់ខ្លួនមុន ខណៈពួកខ្លួនកំពុងផឹកសុីជុំគ្នា០៣នាក់ ជាមួយប្រពន្ធគាត់នៅមុខបន្ទប់គាត់ ហើយក៏បានទាស់ពាក្យសំដីគ្នាតែម្តង។ បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញយើងបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដើម្បីកសាងសុំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញ ចាត់ការបន្ត តាមនីតិវិធី៕

អត្ថបទ៖ ឈុន គឹមហៃ

Share.