ជនសង្ស័យម្នាក់ឡើងលួចកាត់ខ្សែភ្លើង ឆ្លងឆក់ស្លាប់ជាប់លើដំបូលឃ្លាំងអេតចាយមួយកន្លែង ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ហេតុការបង្កឲ្យភ្ញាក់ផ្អើលនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ។

សពជនសង្ស័យមានឈ្មោះ សូរ សែ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើតនៅខេត្តស្វាយរៀង ។ បើតាមប្រជាពលរដ្ឋ អ្នកភូមិ ធ្លាប់ស្គាល់ ជនសង្ស័យសកម្មខាងដើរលួចទ្រព្យសម្បត្តិ អ្នកភូមិ ពេលថ្ងៃដេកសម្រាក។ ពេលយប់ចេញដើរ សមត្ថកិច្ចធ្លាប់ចាប់ខ្លួនច្រើនលើក ច្រើនសារហើយ តែមិនរាងចាល មកដល់លើកនេះ ឡើងលួចកាត់ខ្សែភ្លើងនៅឃ្លាំងអេតចាយ បែរជាឆក់ស្លាប់ខ្លួនឯងទៅវិញ ។

តាមប្រភពពីស្ត្រីឈ្មោះ ចឹម ធូ អាយុ២១ឆ្នាំ មុខរបរ កម្មករឃ្លាំងអេតចាយ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៣នេះ គេបានឮឆ្កែព្រុសពេញភូមិ ឮសូរសម្លេង ជើងមនុស្សជាន់លើសង្កសីដំបូលឃ្លាំង ទាំងកម្មករ ទាំងអ្នកភូមិចេញរកមើល តែមិនឃើញមនុស្ស ហើយក៏ស្ងាត់ទៅវិញ។ ទើបតែនៅវេលាម៉ោង៧និង២០នាទីព្រឹក ពេលដែលកម្មករនាំគ្នាធ្វើការងារ ស្រាប់តែប្រទះឃើញជនសង្ស័យដើរលួចកាត់ខ្សែភ្លើង ឆក់ស្លាប់ទើរជាប់លើដំបូលទៅវិញ ស្លៀកតែលីអូ និងពាក់មួក ។

ក្រោយពីប្រទះឃើញសពជនសង្ស័យលួចខ្សែភ្លើង ទើបក្រុមកម្មកររាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងកើតហេតុ មុនយកទៅតំកល់ទុកនៅវត្តទឹកថ្លា ដើម្បីស្រាវជ្រាវស្វែងរកសាច់ញាតិ ៕
អត្ថបទ៖តាតុងពោធិ៍សែនជ័យ
