សៀមរាប ៖ ផ្ទះឈើប្រក់ក្បឿងមួយខ្នង បន្ទាប់ពីម្ចាស់ឡើងទៅដុតធូប ទៀន ហើយទុកចោល ចុះមកដេកសម្រាកខាងក្រោម មិនប្រុងប្រយ័ត្ន បង្កជាអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង ទាំងទ្រព្យសម្បត្តិ សរុបជិត៥មុឺនដុល្លារ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅខាងក្រោយសាលាបឋមសិក្សាខ្នារ ភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ម្ចាស់ផ្ទះរងគ្រោះមាន ឈ្មោះ សាយ លី ភេទស្រី អាយុ៧៩ឆ្នាំ រស់នៅផ្ទះកើតហេតុ ដែលសង់ពីឈើប្រក់ក្បឿង ថ្មក្រោម ទំហំ៧ម៉ែត្រx៩ម៉ែត្រ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ទាំងទ្រព្យសម្បត្តិ ម៉ូតូហុងដាឌ្រីមមួយគ្រឿង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ម្ចាស់រងគ្រោះឡើងទៅដុតធូប ទៀន នៅលើផ្ទះ ហើយទុកចោល ចុះមកក្រោមដេកសម្រាក ដោយមិនប្រយ័ត្ន ស្រាប់តែភ្លើងឆាបឆេះ សន្ធោសន្ធៅឡើង រកតែជញ្ជូនយកអុីវ៉ាន់ចេញមិនទាន់ផង ខូចខាតសរុបអស់ជិត៥មុឺនដុល្លារ។

ហេតុការណ៍ខាងលើកើតឡើង ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ការពារឆេះរាលទៅផ្ទះផ្សេង ៕

Share.