កំពង់ស្ពឺ ៖ រថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿង បើកបរលឿន វ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុកជាមួយរថយន្តសណ្តោងរុឺម៉ក ដឹកខ្សាច់ កំពុងបើកច្រាសទិស រេចង្កូតបុកចូលតូបលក់ខោអាវ រត់គេចចែកជើងគ្នា បណ្តាលឱ្យមនុស្ស៣នាក់ ខាងរថយន្តដឹកឥដ្ឋរបួសធ្ងន់២នាក់ ស្រាល១នាក់ កាលពីវេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៧-៤៨ ផ្សារកំពង់ស្ពឺ ក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុរថយន្តដឹកឥដ្ឋ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-1367 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយ២នាក់ទៀត បើកពីលិចទៅកើត ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តសាំយ៉ុងខាងមុខ ស្រាប់តែរេចង្កូតទៅបុកជាមួយរថយន្ត ម៉ាកហុីយ៉ាន់ដាយ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 3G-2717 សណ្តោងរុឺម៉កដឹកខ្សាច់ ពាក់ស្លាកលេខ ត្បូងឃ្មុំ 4A-0179 កំពុងបើកពីកើតទៅលិច ហើយរេចង្កូតបុកចូលតូបលក់ខោអាវ បណ្តាលឱ្យកៀបមនុស្ស៣នាក់ រងរបួសក្នុងកាប៊ីនរថយន្តដឹកឥដ្ឋ ធ្ងន់២នាក់ ស្រាល១នាក់ ចំណែកអ្នកបើកបររថយន្តដឹកខ្សាច់ បានចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.