បាត់ដំបង÷ មន្រ្តីជំនាញរកឃើញគ្រាប់កាំភ្លើងត្បាល់ចំនួន ២គ្រាប់ ក្នុងព្រលានយន្តហោះខេត្តបាត់ដំបង លើទីតាំងគម្រោងអភិវឌ្ឍ។

មន្ត្រីអង្គភាពកំចាត់មីនខេត្តបានបញ្ជាក់ឲ្យដឹងថា គ្រាប់អាវុធយុទ្ធភណ្ឌប្រភេទគាំទ្រមិនទាន់ផ្ទុះចំនួន ២គ្រាប់សល់ពីសម័យសង្គ្រាមនេះបានគេប្រទះឃើញនៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ ឋិតត្រង់ចំណុចបរិវេណព្រលានយន្តហោះវាលបែកចាន ក្នុងក្រុមទី ០១ ភូមិរំចេក ៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពខាងលើបន្ថែមថា÷ គ្រាប់កាំភ្លើងមិនទាន់ផ្ទុះនេះដែរជាប្រភេទគ្រាប់កាំភ្លើងត្បាល់ ទំហំ ៦០mm មួយគ្រាប់ និងគ្រាប់កាំភ្លើងត្បាល់ទំហំ ៨២mm ចំនួនមួយគ្រាប់នៅមានគុណភាពអាចបង្កការគ្រោះថ្នាក់បាន។
បច្ចុប្បន្នសំណល់សង្គ្រាមគ្រាប់កាំភ្លើងទាំង ២គ្រាប់ត្រូវបានមន្ត្រីអង្គភាពកំចាត់មីនខេត្តបាត់ដំបង យកទៅរក្សាទុករងចាំពេលវេលាបំផ្លាញចោល៕
អត្ថបទ÷ ដំបងក្រញូង

